FN ៖ ខណៈកំពុងមានវត្តមាននៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់លោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមួរ៉ា ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជាថា សភាពការណ៍ប្រទេសកម្ពុជា នៅពេលនេះ គឺមានភាពខុសគ្នាស្រឡះពីសភាពការណ៍ក្រោយការបោះឆ្នោត ឆ្នាំ២០១៣ ដែលបាតុកម្មមិនទទួលស្គាល់លទ្ធផលបោះឆ្នោតរហូតដល់មានប្រជាពលរដ្ឋបាត់បង់ជីវិត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ខណៈដែលសម្តេច បានអនុញ្ញាតឱ្យ លោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា ប្រធានសមាគមមិត្តភាពជប៉ុន-កម្ពុជា ចូលជួបពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨នេះ។
សម្តេចតេជោ បានមានប្រសាសន៍ថា សភាពការណ៍កម្ពុជានៅពេលនេះ គឺមានភាពខុសគ្នាស្រឡះពីសភាពការក្រោយការបោះឆ្នោតឆ្នាំ២០១៣ ពោលគឺសភាពការណ៍កាលពីឆ្នាំ២០១៣ នៅពេលនេះ គឺមានចំនួនមនុស្សស្លាប់ ដែលបង្កដោយ ពួកជ្រុលនិយមមិនទទួលយកលទ្ធផលនៃការបោះឆ្នោត។ ផ្ទុយស្រឡះកាលពីពេលនោះ នៅពេលនេះប្រជាជនកម្ពុជា កំពុងទទួលបាននូវភាពសប្បាយរីករាយ ក្នុងការទទួលអំណរនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងបន្តថា ពេលនេះកម្ពុជាបានបង្កើតនូវរាជរដ្ឋាភិបាលថ្មី ដោយគ្មានអ្វីប្រប្រួល ហើយតាមរយៈកិច្ចសន្ទនាគ្នានោះ។ សម្តេចបានថ្លែងអំណរគុណសាជាថ្មីជូនចំពោះ លោក ស៊ិនហ្សូ អាបេ និងអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យជប៉ុន ដែលបានផ្ញើសារលិខិតអបអរសាទរ សម្តេចដែលត្រូវបានជ្រើសតាំងជាថ្មី ជានាយករដ្ឋមន្រ្តីនីតិកាលទី៦ នៃរដ្ឋសភា។
ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរជូនចំពោះ លោក ស្សិនហ្សូ អាបេ ដែលត្រូវបាន ជ្រើសតាំងជាប្រធានគណបក្សប្រជាធិបតេយ្យជប៉ុនជាថ្មីម្តងទៀត និងត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីជប៉ុនជាថ្មីផងដែរ។
ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជា មានប្រសាសន៍ជម្រាបជូនសម្តេចតេជោថា រូបលោកធ្លាប់បានជួបសម្តេចតេជោ ក្នុងឱកាសដែលរូបលោកនាំយកនូវសារលិខិតអបអរសាទររបស់ លោកអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យជប៉ុន ជូនចំពោះសម្តេច កាលពីថ្ងៃទី១០ ខែសីហាកន្លងទៅ នៅរាជធានីភ្នំពេញ។
លោកប្រធានក៏បានរំលឹកអំពីទទួលរូបលោកដោយកក់ក្តៅបំផុតពីសម្តេចតេជោ នៅរាជធានីភ្នំពេញ។ លោកប្រធានបន្តថា ក្រោយពីបានស្តាប់នូវប្រសាសន៍របស់សម្តេច គឺរូបលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ មានស្ថិរភាពល្អ ពោរពេញទៅដោយសុខសន្តិភាព ពិសេសប្រជាជនកម្ពុជាមានភាពសប្បាយរីករាយ និងគ្មានភាពតក់ស្លុត។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនិង លោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមួរ៉ា បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន ដែលតែងតែមានជំហក្នុងការគាំទ្រគ្នាទៅវិញទៅមក លើកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌ តំបន់និងអន្តរជាតិ ពិសេសការបន្តជំរុញការគាំទ្រគ្នាទៅវិញទៅមក ក្នុងកិច្ចសហប្រតិបត្តិការក្រប ខណ្ឌតំបន់ និងអន្តរជាតិជាបន្តទៅទៀត៕