រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដាក់កំហិតឲ្យក្រុមហ៊ុន Cellcard , Smart និង Metfone បញ្ចប់ការផ្សាយពាណិជ្ជកម្មដូរលុយត្រឹមបំណាច់ខែមីនា ឆ្នាំ២០១៧
FN ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ត្រាំ អ៊ីវតឹក បានដាក់កំហិតឲ្យក្រុមហ៊ុនទូរស័ព្ទចំនួន៣ រួមមាន Cellcard, Smart និង Metfone បញ្ចប់ការផ្សាយពាណិជ្ជកម្មដូរលុយត្រឹមបំណាច់ខែមីនា ឆ្នាំ២០១៧។ ការសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំ និងពិភាក្សាដោះស្រាយស្តីពី ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ប្រព័ន្ធទូរស័ព្ទចល័ត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងពាណិជ្ជកម្ម ព្រមទាំងក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័ត នាពេលថ្មីៗនេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា កិច្ចប្រជុំបានពិភាក្សាទៅលើបញ្ហាប្រឈម និងផលប៉ះពាល់មួយចំនួនរួមមាន៖ * ការធ្លាក់ចុះនៃគុណភាពសេវាទូរស័ព្ទដល់អ្នកប្រើប្រាស់ទូរស័ព្ទចល័ត * ការប៉ះពាល់ដល់ទុនក្នុងការវិនិយោគលើបច្ចេកវិទ្យាថ្មីៗ និងការពង្រីកប្រព័ន្ធបណ្តាញរបស់ក្រុមហ៊ុន * ការប៉ះពាល់ដល់ការប្រមូលចំណូល និងពន្ធជូនរដ្ឋប្រចាំឆ្នាំ * ពុំមាននិរន្តរភាពក្នុងការប្រកបអាជីវកម្មរយ:ពេលវែង។ ជាលទ្ធផលនៃកិច្ចប្រជុំលោកមន្រ្តី បានស្នើឲ្យក្រុមហ៊ុនពង្រឹងបញ្ហាគុណភាពសេវាទូរស័ព្ទឲ្យបានកាន់តែប្រសើរឡើង ហើយយកចិត្តទុកដាក់ លើការផ្សាយពាណិជ្ជកម្មឡើងវិញធ្វើយ៉ាងណាឲ្យមានតម្លាភាព និងគុណភាពក្នុងការប្រកួតប្រជែងជាមួយនឹងតម្លៃសមរម្យ។ សម្រាប់ការងារនេះ លោករដ្ឋមន្រ្តី បានសម្រេចអនុញ្ញាតឲ្យនិយ័តករទូរគមនាគមន៍កម្ពុជាធ្វើការជាមួយក្រុមហ៊ុន Cellcard ក្រុមហ៊ុន Smart និងក្រុមហ៊ុន Metfone ដោយកំណត់ឲ្យក្រុមហ៊ុនទាំងបីបញ្ឈប់ការផ្សាយពាណិជ្ជកម្មត្រឹមបំណាច់ខែមីនា ឆ្នាំ២០១៧៕