សម្តេចតេជោ ហ៊ុន សែន គាំទ្រយុទ្ធសាស្ត្រសេរី និងបើកទូលាយឥណ្ឌូប៉ាស៊ីហ្វិក របស់ជប៉ុន
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសគាំទ្រ និងស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ជប៉ុន ក្រោមយុទ្ធសាស្រ្តសេរី និងបើកទូលាយឥណ្ឌូប៉ាស៊ីហ្វីក ដើម្បីធានាសន្តិភាព ស្ថិរភាព វិបុលភាព និងការតភ្ជាប់សម្រាប់តំបន់។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១១ ដែលបានប្រារព្ធធ្វើឡើងនៅប្រទេសថៃ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញនេះ។ កិច្ចប្រជុំនេះ មានការចូលរួមពីមេដឹកនាំប្រទេសតាមដងទន្លេមេគង្គទាំង៥ រួមមាន កម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ។ ក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងផងដែរថា ខណ:ពិភពលោកកំពុងឆ្លងកាត់ភាពមិនច្បាស់លាស់ដូចពេលបច្ចុប្បន្ននេះ ទាមទារឱ្យមានការរួមគ្នាពង្រឹងពហុភាគីនិយមបន្ថែមទៀត ដែលជាធាតុផ្សំដ៏សំខាន់សម្រាប់សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់។ សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលមេង្គ-ជប៉ុនលើកទី១១នេះ មេដឹកនាំនៃប្រទេសមេគង្គ-ជប៉ុន បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទាក់ទិនទៅនឹងវឌ្ឍនភាព និងបញ្ហាប្រឈមនានា ក្នុងចន្លោះនៃកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០។ មេដឹកនាំនៃប្រទេសមេគង្គ បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីជប៉ុន និងនាយករដ្ឋមន្ត្រីថៃ ដែលបានរៀបចំឱ្យមានកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១១ ដ៏មានសារសំខាន់នេះ។ មេដឹកនាំទាំងអស់ ក៏បានវាយតម្លៃខ្ពស់ចំពោះក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន…