សុន្ទរកថា និងសេចក្តីអធិប្បាយ បើកសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី ១២ “តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងតំបន់”
ឯកឧត្តម លោកជំទាវ អគ្គព្រះរាជឤជ្ញា អគ្គរដ្ឋអាជ្ញា នៃបណ្តាប្រទេសសមាគមឤស៊ាន និងសាធារណៈរដ្ឋប្រជាមានិតចិន! ឯកឧត្តម លោកជំទាវ លោក/ស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានមកចូលរួម ក្នុងពិធីបើកសន្និសីទអគ្គព្រះរាជឤជ្ញាឤស៊ាន-ចិនលើកទី ១២ ក្រោមប្រធានបទ “តួនាទីព្រះរាជឤជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងតំបន់” ដែលប្រារព្ធឡើងយ៉ាងឱឡារិកនាពេលនេះ។ ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ អគ្គព្រះរាជឤជ្ញា អគ្គរដ្ឋអាជ្ញា នៃបណ្តាប្រទេសសមាគមឤស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលកំពុងមានវត្តមាននៅលើទឹកដីខេត្តសៀមរាប ដែលជារាជធានីអច្ឆរិយៈ នៃឤណាចក្រខ្មែរនាសម័យអង្គរ។ ថ្ងៃនេះ កម្ពុជាពិតជាមានកិត្តិយស ដែលបានធ្វើជាម្ចាសផ្ទះរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះ ស្របពេលដែលបណ្តាប្រទេសសមាជិកឤស៊ាន ក៏ដូចជា ប្រទេសនៅក្នុងតំបន់ កំពុងរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាឧក្រិដ្ឋកម្មឆ្លងដែនប្រកបដោយគ្រោះថ្នាក់ ហើយកំពុងរីករាលដាលនៅក្នុងតំបន់របស់យើង។ ជាការពិត ភាពជឿនលឿន នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មានក្នុងយុគសម័យទំនើបនេះ បានធ្វើឱ្យចរន្តសេដ្ឋកិច្ចពិភពលោកមានការវិវត្តយ៉ាងលឿន។ ទន្ទឹមនេះ ការរីកចម្រើនទីផ្សារការងារក្នុងពិភពលោក ក៏ដូចជា នៅក្នុងបណ្តាប្រទេសឤស៊ាន បានជំរុញឱ្យប្រទេសសមាជិកឤស៊ាន និងប្រទេសក្នុងតំបន់ទទួលបាននូវកំណើនសេដ្ឋកិច្ចពាណិជ្ជកម្ម…