រដ្ឋមន្រ្តីអូស្រ្ដាលី៖ រដ្ឋាភិបាលអូស្រ្តាលី នឹងបន្តផ្ដល់ជំនួយមកកម្ពុជា នៅលើវិស័យបោសសំអាតមីន
FN ៖ លោកស្រី Concetta Fierravanti-Wells សមាជិកព្រឹទ្ធសភា និងជារដ្ឋមន្រ្តីទទួលបន្ទុកអភិវឌ្ឍអន្តរជាតិ និងតំបន់ប៉ាស៊ីហ្វិករបស់អូស្រ្តាលី បានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលអូស្រ្តាលី នឹងនៅតែបន្តផ្ដល់ជំនួយមកប្រទេសកម្ពុជា នៅលើវិស័យបោសសំអាតមីន បន្តទៅទៀត។ ការបញ្ជាក់បែបនេះ របស់រដ្ឋមន្រ្តីអូស្រ្តាលី បានធ្វើឡើងខណៈលោកស្រី ជួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា ក្នុងឱកាសលោកស្រី មកទស្សនកិច្ចនៅកម្ពុជា កាលពីចុងសប្ដាហ៍ កន្លងទៅនេះ។ លោកស្រី Concetta Fierravanti-Wells បានវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់ រាជរដ្ឋាភិបាលកម្ពុជានៅលើវិស័យការបោសសំអាតគ្រាប់មីននេះ ដែលទទួលបានលទ្ធផលដ៏ល្អប្រសើរ។ លោក ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានជម្រាបជូនលោកស្រី អំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា និងលទ្ធផលដែលទទួល បានក្នុងការកាត់បន្ថយ ជនរងគ្រោះ ដោយសារគ្រាប់មីនពីចំនួនជាង ៤០០០នាក់ ក្នុងឆ្នាំ១៩៩៦ និងបានថយចុះជាបន្តបន្ទាប់ និងរហូតដល់ឆ្នាំ២០១៦កន្លងមកនេះ មានចំនួននៅសល់តិចជាង១០០នាក់។ លោកទេសរដ្ឋមន្រ្តី ក៏បានសម្ដែងអំណរគុណចំពោះ រដ្ឋាភិបាលអូស្រ្តាលី ដែលបានបន្តផ្ដល់ជំនួយដល់កម្ពុជា លើវិស័យនេះផងដែរ៕