កម្ពុជានាំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០១៧ ទៅផ្សព្វផ្សាយក្នុង «យុទ្ធនាការទស្សនាអាស៊ានខួបទី៥០» ហៅទេសចរ មកចូលរួមឲ្យបានខ្ទង់លាននាក់
FN ៖ ស្ថាប័នពាក់ព័ន្ធមួយចំនួន តំណាងឲ្យភាគីកម្ពុជា បានពួតដៃគ្នានាំយកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ ដាក់បញ្ចូលក្នុង «យុទ្ធនាការទស្សនាអាស៊ានខួបទី៥០ (Visit ASEAN@50)» ដើម្បីពង្រីកការផ្សព្វផ្សាយទៅកាន់ពិភពលោក ឲ្យកាន់តែទូលំទូលាយ សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឲ្យមកទស្សនាព្រឹត្តិការណ៍នេះនៅកម្ពុជា កាន់តែច្រើនឡើង។ តំណាងស្ថាប័នខាងភាគីកម្ពុជានោះមានលោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្រ្តី ថោង ខុន រួមជាមួយ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាប្រធានគណៈកម្មការ រៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០១៧ ព្រមទាំងភាគីរដ្ឋ-ឯកជនជាច្រើននាក់ទៀត។ យុទ្ធនាការទស្សនាអាស៊ាន ខួបទី៥០ និងការផ្សព្វផ្សាយព្រឹតិ្តការណ៍អង្គរសង្ក្រាន្ត២០១៧នេះ ធ្វើឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧។ ពិធីនេះក៏ភ្ជាប់ជាមួយកិច្ចប្រជុំ គណៈកម្មការទេសចរណ៍អាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានអ្នកចូលរួម ប្រមាណ៥០០នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ មកពីប្រទេសសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ានជាង៦០នាក់ ផងដែរ។ លោក ទិត ចន្ថា បានបញ្ជាក់ថា «អង្គរសង្ក្រាន្ត ជាព្រឹត្តិការ៍ទេសចរណ៍ដ៏សំខាន់បំផុត មិនមែនសម្រាប់តែកម្ពុជា ប៉ុណ្ណោះទេ…