រាជរដ្ឋាភិបាលចេញសេចក្តីប្រកាសព័ត៌មាន៖ រាជរដ្ឋាភិបាលថៃ មិនដាក់ទោសពិន័យចំពោះក្រុមហ៊ុនថៃ ដែលកំពុងប្រើប្រាស់កម្លាំងពលករកម្ពុជាដែលគ្មានឯកសារនោះទេ ហើយក៏មិនបណ្តេញពលករកម្ពុជាចេញដែរ
FN ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយឲ្យដឹងថា រាជរដ្ឋាភិបាលថៃ មិនអនុវត្តទោសពិន័យចំពោះនិយោជកថៃ ដែលកំពុងប្រើប្រាស់កម្លាំងពលករកម្ពុជា ដែលគ្មានឯកសារនោះទេ ហើយរាជរដ្ឋាភិបាលថៃក៏មិនបណ្តេញពលករកម្ពុជា ដែលបានចូលដល់ក្នុងទឹកដីថៃ ហើយកំពុងធ្វើការជាមួយក្រុមហ៊ុន ឬរោងចក្រណាមួយនៅក្នុងប្រទេសថៃនោះដែរ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។ នៅក្នុងសេចក្តីប្រកាសនេះក៏បានបន្ថែមថា ក្រសួងការងារថៃនឹងផ្តល់ឱកាសចំនួន១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី០៧ ខែសីហា ដល់ពលករកម្ពុជា និងនិយោជកថៃ ដែលមិនទាន់មានឯកសារអ្វីទាំងអស់ឲ្យទៅចុះឈ្មោះនៅតាមការិយាល័យចុះបញ្ជីពលករបរទេស ដើម្បីទទួលបានភាពស្របច្បាប់បណ្តោះអាសន្ន រង់ចាំការបញ្ជាក់សញ្ជាតិក្លាយទៅជាពលករស្របច្បាប់អចិន្ត្រៃយ៍។