សុន្ទរកថា និងសេចក្ដីអធិប្បាយ ពិធីអបអរសាទរខួបទី ១០៧ ទិវាអន្តរជាតិនារី ៨ មីនា
ថ្ងៃនេះ ខ្ញុំ និងភរិយាពិតជាមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីអបអរសាទរខួបទី ១០៧ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៨ ដែលរៀបចំឡើងយ៉ាងឱឡារិកនាពេលនេះ។ ជាបឋម ខ្ញុំសូមថ្លែងការគាំទ្រនូវប្រធានបទ «ស្ត្រីរួមគ្នា រក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ» ដែលបានលើកឡើងចំពេលយើង គ្រប់គ្នាកំពុងខិតខំប្រឹងប្រែងបន្តលើកកម្ពស់តម្លៃសន្តិភាព និងប្រកាន់យកវប្បធម៌អហិង្សា ហើយដែលរាជរដ្ឋាភិបាលបាន និងកំពុងជំរុញឱ្យមានការចូលរួមពីប្រជាជនទាំងស្ត្រី និងបុរស ដើម្បីធានារក្សាឱ្យបាននូវសុខសន្តិភាព និងវឌ្ឍនភាពរបស់សង្គមកម្ពុជាទាំងមូល។ ជាការពិត សុខសន្តិភាព វិបុលភាព ការគ្មានអំពើហិង្សា គ្មានសង្គ្រាមរាំងជល់ ពិតជាមានតម្លៃណាស់ ដែលឤចជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងគ្រប់ទីកន្លែងព្រមទាំងធ្វើឱ្យប្រជាជនរស់នៅប្រកបដោយភាពសុខដុមរមនា និងផ្តល់ឱកាសល្អឱ្យបុរស ស្ត្រី កូនប្រុស ស្រី បានរស់នៅជួបជុំក្រុមគ្រួសារ បានសិក្សារៀនសូត្រខ្ពស់ មានចំណេះដឹង ជំនាញ បច្ចេកទេស និងមុខរបរ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារខ្លួន រួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើនរុងរឿង។ ឈរលើមូលដ្ឋានសុខសន្តិភាព ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការលើកតម្កើងសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្សបានធ្វើឱ្យកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យម ៧,៧%…