សុន្ទរកថានិងសេចក្តីដកស្រង់ការអធិប្បាយ សម្តេចតេជោ ហ៊ុន សែន បិទកិច្ចប្រជុំបូកសរុបសកម្មភាពនិងលទ្ធផលការងារ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត សម្រាប់នីតិកាលទី៦ នៃរដ្ឋសភានិងទិសដៅបន្ត
ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ដើម្បីត្រួតពិនិត្យ និងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៦ នៃរដ្ឋសភា នាពេលនេះ ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសម្តេច ឯកឧត្តម លោកជំទាវ សមាជិករាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់នៅតាមក្រសួង-ស្ថាប័ន និងមន្ត្រីនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ ចុះបំពេញការងារតាមមូលដ្ឋាននានាទូទាំងប្រទេស ស្វែងយល់អំពីជីវភាព សុខទុក្ខប្រជាពលរដ្ឋ ក៏ដូចជាសំណូមពរ និងបញ្ហាប្រឈមជាក់ស្តែងនានានៅតាមមូលដ្ឋាន សំដៅពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ រួមគ្នាដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ក៏ដូចជាជំរុញការអភិវឌ្ឍមូលដ្ឋាន ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជា-ពលរដ្ឋ។ ដូចដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងអំពីការសម្រេចបានសមិទ្ធផលគួរជាទីមោទនៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដែលបានខិតខំកៀរគរធនធានពីប្រភពស្របច្បាប់នានា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសមិទ្ធផលសង្គមលើគ្រប់វិស័យនៅមូលដ្ឋាន និងការចូលរួមជួយឧបត្ថម្ភគាំទ្រគ្រឿងឧបភោគបរិភោគ និងមធ្យោបាយ សម្ភារ:ដល់ប្រជាពលរដ្ឋនៅពេលជួបប្រទះគ្រោះធម្មជាតិ និងគ្រោះថ្នាក់នានា ក៏ដូចគ្រួសារក្រីក្រ និងជនងាយរងគ្រោះ។ ក្រោយថ្ងៃរំដោះ ៧ មករា…