សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ថ្លែងបើកការប្រកួតកីឡាជាតិលើកទី ១
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា! ថ្ងៃនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត នៅក្នុងការកែទម្រង់វិស័យកីឡារបស់យើង។ នេះជាការចាប់ផ្ដើមមួយក្នុងទំព័រប្រវត្តិសាស្រ្តរបស់យើង ដែលយើងបានបង្កើតឡើងរួមគ្នាដើម្បីលើកកម្ពស់វិស័យកីឡា។ ថ្ងៃបើកការប្រកួតកីឡាជាតិ ត្រូវនឹងខួបនៃការឡើងគ្រងរាជសម្បត្តិ នៃព្រះមហាក្សត្រ មុនចូលដល់វិស័យកីឡា អនុញ្ញាតអោយខ្ញុំយកឱកាសនេះ ដើម្បីបញ្ជាក់បន្ដិចថា ហេតុអ្វីបានជាខ្ញុំសម្រេចជ្រើសរើសយកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៦ នេះ ជាថ្ងៃចាប់ផ្ដើមដំបូងនៃការប្រកួតកីឡាជាតិលើកទី ១? អត្ថន័យបង្កប់នៅទីនេះ នៅត្រង់ថា ថ្ងៃទី ២៨ តុលា គឺជាថ្ងៃខួបលើកទី ១២ នៃថ្ងៃគ្រងរាជ្យសម្បតិ្តសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈរបស់យើង។ ពីលើវេទិកានេះ ទូលព្រះបង្គំខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមប្រជាជនកម្ពុជា សូមថ្វាយព្រះពរចំពោះព្រះអង្គ សូមមានព្រះរាជសុខភាពល្អបរិបូរ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្តទូទៅនៃព្រះរាជាណាចក្រកម្ពុជា។ ការរៀបចំការប្រកួតកីឡាជាតិនេះ សបញ្ជាក់ពីសន្តិភាព និងស្ថេរភាពរបស់កម្ពុជា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងប្រិយមិត្តបរទេស ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរចំពោះក្រសួងអប់រំ…