សុន្ទរកថា និងសេចក្ដីដកស្រង់ប្រសាសន៍សម្ដេចតេជោ, ពិធីបិទសន្និបាតបូកសរុបការងារ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ ២០២១ និងទិសដៅអនុវត្តឆ្នាំ ២០២២
សម្តេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស-ជាតិអន្តរជាតិ អង្គសន្និបាតជាទីមេត្រី ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដែលបានមកចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០២១ និងទិសដៅអនុវត្តឆ្នាំ ២០២២ នាឱកាសនេះ។ ខ្ញុំសូមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ ហើយសម្រេចបានសមិទ្ធផលជាច្រើនក្នុងវិស័យកសិកម្មក្នុងឆ្នាំ ២០២១ កន្លងទៅ ទោះបីកម្ពុជាបានជួបប្រទះនូវបញ្ហាប្រឈមលើវិស័យជាច្រើន ដែលបណ្តាលមកពីជំងឺរាតត្បាតសកលកូវីដ-១៩។ អង្គសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និង នេសាទដែលបានប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃកន្លងមក គឺជាការបង្ហាញ និងវាយតម្លៃលើសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២១ និងលើកទិសដៅសម្រាប់អភិវឌ្ឍវិស័យកសិកម្មឆ្នាំ ២០២២ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរាជរដ្ឋាភិបាល ដែលបានតម្រង់ទិសការអភិវឌ្ឍ ដើម្បីឱ្យវិស័យកសិកម្មកម្ពុជាក្លាយជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ធ្វើឱ្យជីវភាពគ្រួសារកសិករកាន់តែមានភាពល្អប្រសើរឡើង និងសម្រេចបានជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ តាមការលើកឡើងដោយ ឯកឧត្តម វេង សាខុន…