គ.ជ.ប៖ ម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ត្រូវអនុវត្តតាមគោលការណ៍ស្មើភាព ក្នុងការលក់ ឬជួលម៉ោងផ្សាយឲ្យគណបក្សឃោសនាពីគោលនយោបាយ
FN ៖ យុទ្ធនាការឃោសនាបោះឆ្នោត កំពុងខិតជិតមកដល់នាពេលខាងមុខហើយ ពោលនៅសល់តែ១៩ថ្ងៃទៀតប៉ុណ្ណោះ ជាមួយគ្នានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានប្រកាសជារឿយៗផងដែរ ពីគោលការណ៍សម្រាប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ដែលចង់លក់ ឬជួលម៉ោងឲ្យគណបក្សនយោបាយ ផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីនយោបាយបក្សរបស់ពួកគេ នៅអំឡុងពេលឃោសនាបោះឆ្នោត ខាងមុខនោះ ។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា «សកម្មភាពឃោសនាគោលនយោបាយគណបក្ស តាមរយៈស្ថានីយ៍វិទ្យុ និងទូរទស្សន៍នេះ គ.ជ.ប អនុញ្ញាតឲ្យមានការផ្សព្វផ្សាយរៀងរាល់ថ្ងៃ ដែលជាផ្នែកមួយ នៃយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ»។ ក្នុងសេចក្ដីប្រកាសរបស់ គ.ជ.ប ដែលបញ្ញត្តិពាក់ព័ន្ធនឹងគោលការណ៍ខាងលើ បានបញ្ជាក់ថា គ្រប់ម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ទាំងអស់ ដែលលក់ ឬជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយ ឃោសនាពីគោលនយោបាយគណបក្សរបស់ពួកគេ ត្រូវអនុវត្តតាមគោលការណ៍ស្មើភាពគ្នា ចំណែកថ្លៃលក់ ឬជួលម៉ោងផ្សាយនោះ ត្រូវស្មើគ្នា និងតាមលំដាប់មុន…