FN ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ក្នុងរយៈពេល៣០ឆ្នាំមកនេះ ប្រជាពលរដ្ឋកម្ពុជា បានធ្វើទំនើបកម្មខ្លួនឯងគួរឱ្យកត់សំគាល់។ ថ្លែងក្នុងវេទិការពិភាក្សាដែលរៀបចំឡើងសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្មីៗនេះ លោករដ្ឋមន្ត្រី ក្នុងនាមជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានកត់សំគាល់ថាពលរដ្ឋកម្ពុជាក្នុងរយៈពេល៣០ឆ្នាំ បានវិវឌ្ឍពីកសិករក្រតោកយ៉ាក មកជាអ្នកមានចំណូលមធ្យម និងកម្រិតខ្ពស់ដែលមានចំណេះដឹងទូលំទូលាយ ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយលើពិភពលោក។ លោកបានគូសបញ្ជាក់ថា៖ «មានមូលហេតុសំខាន់ៗចំនួន៣ ដែលជំរុញឱ្យពលដ្ឋកម្ពុជាធ្វើទំនើបកម្មរបស់ខ្លួនគឺ កត្តាសុខសន្តិភាពនិងស្ថេរភាពនយោបាយក្នុងរយៈពេល៣៨ឆ្នាំ កត្តាកំណើតសេដ្ឋកិច្ចប្រមាណ៧%ជិតរយៈពេល១០ឆ្នាំមកនេះ ហើយកត្តាដែលមិនអាចប្រកែកនោះគឺសេរីភាពសារព័ត៌មានដែលជាសសរស្តមធ្វើឱ្យពលរដ្ឋកម្ពុជាធ្វើទំនើបកម្មរបស់ខ្លួន»។ លោករដ្ឋមន្ត្រី បានពន្យល់ថា ការពិភាក្សារបស់យុវជននៅថ្ងៃនេះ គឺជាការបង្ហាញពីវឌ្ឍនភាព និងគុណភាពរបស់យុវជននាពេលបច្ចុប្បន្ន ដែលកាលពីសម័យអតីតកាលធ្លាប់យកចុងកាំភ្លើងដោះស្រាយ ការខ្វែងគំនិតគ្នាលើបញ្ហានយោបាយ បញ្ហាសេដ្ឋកិច្ច និងបញ្ហាសង្គមផ្សេងៗទៀត។ បើទោះបីជាកម្ពុជានៅមានបញ្ហាមួយចំនួនក្តី ប៉ុន្តែកម្ពុជាបានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយកំពុងបោះជំហ៊ានទៅរកឧស្សាហភាវូបនីយកម្មនៃសេដ្ឋកិច្ចរបស់់ខ្លួន។
ចំពោះកំណើនសេដ្ឋកិច្ច និងការវិវឌ្ឍសង្គមកម្ពុជា អនុប្រធានគ្រប់គ្រង រូបបិយប័ណ្ណវត្ថុអន្តរជាតិ លោក Mitsuhiro Furusawa បានអះអាងថា កម្ពុជាគឺជាប្រទេសមានសេដ្ឋកិច្ចលូតលាស់ខ្លាំងបំផុតមួយក្នុងចំណោមប្រទេសទាំង១០ដែលមានសេដ្ឋកិច្ចលូតលាស់ជាងគេលើពិភពលោកក្នុងរយៈពេល២០ឆ្នាំមកនេះ ហើយកម្ពុជាបានចេញយ៉ាងឆ្ងាយពីភាពក្រីក្រ និងការបំផ្លិចបំផ្លាញគ្រប់វិស័យដោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ការលើកឡើងរបស់លោក Mitsuhiro Furusawaនេះ គឺនៅពេលលោកបានឡើងថ្លែងបឋកថា ស្តីពីដំណើវិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កាលពីថ្ងៃទី០៧ ខែមិថុនា ២០១៧។
អ្នកជំនាញអន្តរជាតិរូបនេះ បានគូសបញ្ជាក់ថា កម្ពុជាអាចមានហេតុផលគ្រប់គ្រាន់ចំពោះមោទនភាពនៃកំណើនសេដ្ឋកិច្ចនេះ។ កម្ពុជានឹងនៅតែមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ព្រោះថា ការនាំចេញផ្នែកវាយនភណ្ឌ ភាពរស់រវើកនៃវិស័យអចលនទ្រព្យ និងផ្នែកសំណង់គឺនៅតែជាឆ្កឹងខ្នងនៃកំណើនសេដ្ឋកិច្ច។
ចំពោះភាពក្រីក្រ លោកអនុប្រធាន រូបបិយបណ្ណវត្ថុអន្តរជាតិរូបនេះ បានសង្កត់ធ្ងន់ថា ភាពក្រីក្របានថយចុះយ៉ាងខ្លាំងពី៥០%នៃប្រជាពលរដ្ឋក្នុងឆ្នាំ២០០៥ មកនៅត្រឹម ១៣.៥ % ក្នុងឆ្នាំ២០១៤។ ហើយបច្ចុប្បន្នធនាគារពិភពលោក បានចាត់ចំណាត់ថ្នាក់កម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយមិនមែនជាប្រទេសដែលមានចំណូលទាបទៀតនោះទេ៕