ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន ប្តេជ្ញារួមគ្នាកសាងសហគមន៍អាស៊ាន ឱ្យកាន់តែខ្លាំងក្លា និងរឹងមាំ
FN ៖ កិច្ចប្រជុំកំពូល (ពេញអង្គ)របស់អាស៊ានលើកទី៣៥ បានប្រារព្វពិធីបើកជាផ្លូវការហើយនៅល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញនេះ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតអ៉ីផែក ជាយរាជធានីបាងកក ក្នុងខេត្តនុនថាក់បូរី ប្រទេសថៃ។ ពិធីបើកកិច្ចកិច្ចប្រជុំកំពូលអាស៊ាន ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំឆ្នាំក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ត្រូវបានធ្វើឡើងយ៉ាងអធិកអធមជាទីបំផុត។ ព្រះចៅស៊ុលតង់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន រួមទាំងលោកអគ្គលេខាធិការអាស៊ាន ត្រូវបានទទួលការស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីលោក ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលពេញអង្គរបស់ខ្លួន ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលទាំងអស់ បានកត់សម្គាល់ដោយការពេញចិត្ត ចំពោះការងារដែលបានបំពេញក្នុងការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យ របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីភាពជាដៃគូសម្រាប់ចីរភាព។ ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានកត់សម្គាល់សាជាថ្មី អំពីគោលបំណងក្នុងការឆ្ពោះទៅសម្រេចបានអាស៊ានប្រកបដោយចីរភាព តាមរយ:ការបង្កើនសន្តិសុខប្រកបដោយចីរភាព ការលើកកម្ពស់ការភ្ជាប់ក្នុងតំបន់អាស៊ានប្រកបដោយភាពរលូន ដែលភ្ជាប់អាស៊ានទៅកាន់ពិភពលោក និងបន្តឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីបង្កើនតម្លៃយុទ្ធសាស្រ្តរបស់អាស៊ាន និងនាំមកនូវស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ក្នុងកិច្ចប្រជុំកំពូលពេញអង្គនេះដែរ មេដឹកនាំទាំងអស់ ក៏បានលើកទឹកចិត្តឱ្យមានការប្រើប្រាស់យ៉ាងពេញលេញ នូវបច្ចេកវិទ្យាទំនើប ដែលជាលទ្ធផលនៃបដិវត្តន៍ឱស្សាហកម្មទី៤ ដើម្បីបង្កើនការប្រកួតប្រជែងរបស់អាស៊ាន ក្នុងការដោះស្រាយការផ្លាស់ប្តូរដែលកើនឡើងជាលំដាប់ និងបញ្ហាស្មុគស្មាញនានាក្នុងតំបន់ និងពិភពលោក។ មេដឹកនាំអាស៊ាន បានសំដែងនូវសេចក្តីសោមនស្សរីករាយ ដោយកត់សម្គាល់ឃើញនូវវឌ្ឍនភាពប្រកបដោយចីរភាព ក្នុងការអនុវត្តផែនការលម្អិត…