សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យការដ្ឋានសំណង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់
(១) កោតសរសើរគ្រប់តួអង្គពាក់ព័ន្ធ ដែលបានធ្វើកិច្ចការដ៏ល្អក្នុងរយៈពេលកន្លងទៅ ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានមកពិនិត្យមើលអំពីវឌ្ឍនភាពនៃការកសាងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ដែលខ្ញុំយកឱកាសនេះ អរគុណ និងកោតសរសើរ ចំពោះក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា គណៈអភិបាលខេត្ត ក៏ដូចជា ក្រុមហ៊ុន លោក តឹង ជុនអ៊ីម ដែលបានធ្វើកិច្ចការដ៏ល្អក្នុងរយៈពេលកន្លងទៅនេះ។ លោក តឹង ជុនអ៊ីម គឺជាជនជាតិកូរ៉េខាងត្បូង ដែលបានមកវិនិយោគនៅកម្ពុជាយូរហើយ។ បើគិតមកដល់ពេលនេះ គឺមានរយៈពេលប្រមាណជា ២៥ ឆ្នាំ នៃវត្តមានរបស់គាត់ តាំងពីការចាប់ផ្តើមនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េឯណោះ។ នៅទីនេះ យើងបានផ្តល់សម្បទានសម្រាប់ការវិនិយោគជូនចំពោះក្រុមហ៊ុនរបស់គាត់។ (២) ការដោះស្រាយផលប៉ះពាល់តាមស្ដង់ដារសេសានក្រោម ២ អ្វីដែលខ្ញុំនៅចាំបានច្បាស់ (គឺ)ការបញ្ជាឱ្យដោះស្រាយនូវផលប៉ះពាល់សម្រាប់ប្រជាពលរដ្ឋ ដែលយកស្តង់ដារប្រហាក់ប្រហែលគ្នាដូចនៅស្ទឹងសេសាន(ក្រោម)២ នៅខេត្តស្ទឹងត្រែង។ នៅកន្លែងនេះ ដូចជាការផ្តល់ផ្ទះ/ដី ហើយដីនេះទៀតសោត គឺសុទ្ធតែផ្តល់ហើយត្រូវតែឈូសឆាយ (និង/ឬ)ភ្ជួរឱ្យរួច ព្រោះបើកម្លាំងបងប្អូន គឺពិបាកក្នុងការភ្ជួរសម្អាតដី (ដើម្បី)បង្កបង្កើនផល។ ខ្ញុំអរគុណចំពោះការដំណើរការ។ បើទោះបីថាវាយឺតបន្តិច ក៏ប៉ុន្តែមានវឌ្ឍនភាព ជាពិសេសការដោះស្រាយផលប៉ះពាល់ ដែលឯកឧត្តម ខូយ រីដា…