សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលនិងពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៥
ថ្ងៃនេះយើងជួបជុំគ្នា នៅក្នុងបរិយាកាសមួយពោរពេញទៅដោយភាពសុខដុមរមនា បន្ទាប់ពីបានអាក់ខានកាលពីរយៈពេលកូវីដ-១៩ ញាំញី ធ្វើអោយយើងមិនអាចធ្វើ(ការជួបជុំបាន)នៅក្នុងឆ្នាំ ២០២១និង២០២២។ ការធ្វើជួបគ្នាលើកនេះទៀតសោត ក៏គាប់ជួននឹងក្រោយចូលឆ្នាំសកល ដែលឆ្លងពីឆ្នាំ ២០២២ មកឆ្នាំ ២០២៣ ដែលខ្ញុំសូមយកឱកាសនេះជូនពរចំពោះសម្ដេចឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់ សូមប្រកបដោយសេចក្ដីសុខ សេចក្ដីចម្រើន និងជួបប្រទះតែនឹងពុទ្ធពរនិងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ (១) ជំនួបរវាងនាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាននិងអ្នកផ្តល់ព័ត៌មាន ជំនួបថ្ងៃនេះ វាមិនមែនគ្រាន់តែជាជំនួបជាមួយអ្នកសារព័ត៌មានប្រមាណជាង ៥ ពាន់នាក់នោះទេ ក៏ប៉ុន្តែក៏មានអ្នកដែលត្រូវផ្ដល់ព័ត៌មាន ដែលក្នុងនោះមានអ្នកនាំពាក្យនៃបណ្ដាស្ថាប័នរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំនៃស្ថាប័នដែលមានការពាក់ព័ន្ធ ក៏បានអញ្ជើញមកទីនេះ។ ដូច្នេះ វាមិនគ្រាន់តែជាជំនួបរវាងនាយករដ្ឋមន្ត្រីជាមួយនឹងអ្នកសារព័ត៌មានប៉ុណ្ណោះទេ ក៏ប៉ុន្តែវាជាជំនួបរវាងអ្នកសារព័ត៌មាននិងជាអ្នកផ្តល់ព័ត៌មានផងដែរ។ ខ្ញុំគិតថា បើទោះបី(មាន)ការវិវដ្ដនៅពេលក្រោយយ៉ាងណាក៏ដោយ វេទិកាបែបនេះគួរតែត្រូវរក្សាទុកដោយអ្នកជំនាន់បន្តវេននៅពេលណាមួយនោះ ព្រោះវាជាផលប្រយោជន៍សម្រាប់ទាំងអស់គ្នា ដើម្បីកសាងប្រទេសជាតិរបស់យើង អោយរីកចម្រើនទៅមុខ។ (២) អ្នកសារព័ត៌មានជាមន្ត្រីជួរមុខក្នុងការទទួលវ៉ាក់សាំង ខ្ញុំសូមអរគុណចំពោះការធ្វើរបាយការណ៍របស់ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានអម្បាញ់មិញនេះ អំពីវឌ្ឍនភាពទាំងឡាយដែលបានកើតក្នុងរយៈពេលកន្លងទៅ។…