ក្រសួងសុខាភិបាល រកឃើញថ្នាំមួយប្រភេទទៀត ដែលអាចព្យាបាល និងបង្ការការចំលងជំងឺគ្រុនចាញ់បាន
FN ៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងសុខាភិបាល បានរកឃើញថ្នាំមួយប្រភេទទៀតហើយ ដែលមានឈ្មោះថា Primaquin ដែលមានសមត្ថភាពពិសេស អាចព្យាបាលអ្នលដែលមានជំងឺគ្រុនចាញ់ដោយទទួលបានប្រសិទ្ធភាពខ្ពស់ ថែមទាំងអាចបង្ការជំងឺគ្រុនចាញ់ មិនឱ្យឆ្លងរាលទៅមនុស្សដ៏ទៃទៀត តាមរយៈសត្វមូសផងដែរ។ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំប្រឹក្សាយោបល់លើវឌ្ឍនភាពការងារ របស់ក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ និងយុទ្ធសាស្រ្តលុបបំបាត់ជំងឺគ្រុនចាញ់ ដែលបានរៀបចំឡើងនៅទីស្តីការក្រសួងសុខាភិបាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធាន អនុប្រធាន និងមន្ត្រីបង្គោលគ្រប់គ្រងកម្មវិធីជាតិនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្រ្ត អភិបាលរងខេត្តជាប្រធានក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ ប្រធានមន្ទីរសុខាភិបាលខេត្ត និងប្រធានកម្មវិធីគ្រុនចាញ់ខេត្តមកពី២១ខេត្ត ព្រមទាំងមន្ត្រីបង្គោលតំណាងអន្តរក្រសួងជាដៃគូ និងដៃគូអភិវឌ្ឍន៍ជាប់ពាក់ព័ន្ធទាំងអស់ផងដែរ។ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ថា ក្រសួងសុខាភិបាល និងមន្ត្រីសុខាភិបាលទាំងអស់ តែងតែបានខិតខំធ្វើតេស្ត រកអ្នកដែលមានមេរោគគ្រុនចាញ់ឱ្យបានច្រើន នៅតាមតំបន់ដែលមានហានិភ័យខ្ពស់ ដើម្បីពិនិត្យមើលប្រភេទនៃជំងឺគ្រុនចាញ់ ដោយបច្ចុប្បន្ននេះយើងមានឱសថថ្មីដែលមានឈ្មោះថា Primaquin ដែលមានប្រសិទ្ធភាពខ្ពស់សំរាប់សម្លាប់មេរោគប្រភេទ វីវ៉ាក់ ដែលត្រូវធ្វើការព្យាបាលដោយប្រើឱសថប្រភេទនេះរយៈ១៤ថ្ងៃ…