សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ ផ្លូវវេងស្រេង
មិនបានជួបជុំនៅថ្ងៃអាទិត្យ ដោយសារបង្កក់ចៅ និងសប្តាហ៍ក្រោយ ១៥ តុលា ខួបសម្ដេចតា ដំបូង ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេស ក្មួយៗ កម្មករ/ការិនី ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបាន មកធ្វើពិធីនៅទីនេះសាជាថ្មីម្ដងទៀត ជាមួយនឹងកម្មករ/ការិនី ដែលអញ្ជើញមកពីតំបន់ជិតខាង នៃតំបន់នេះ ហើយដែលមានរហូតទៅដល់ ១៤.៤០០ នាក់។ ក្នុងចំណោមនោះ ក៏មានក្មួយៗមួយចំនួនក៏បានជួបជាមួយ ពូនៅឯកោះពេជ្ររួចហើយ។ នៅក្នុងកម្មវិធីក្នុងការជួបគ្នានៅឯកោះពេជ្រ ខ្ញុំសូមអធ្យាស្រ័យពីសំណាក់ក្មួយៗ ដែលមិនទាន់បានទៅជួប ដោយសារតែកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក៏មានការពាក់ព័ន្ធជាមួយធុរៈនៅក្នុងគ្រួសារ។ នោះគឺធុរៈទាក់ទង ជាមួយនឹងការបង្កក់ចៅ។ វាជាការមិនសមរម្យទេ នៅពេលដែលជីតាត្រូវមានភារកិច្ចនៅក្នុងការពរចៅចេញ ទៅមើលពន្លឺព្រះអាទិត្យជាលើកដំបូង ក្នុងរយៈពេលមួយខែ។ នៅថ្ងៃទី ១៥ ខែតុលា ខាងមុខនេះ កម្មវិធីរបស់ យើងក៏ត្រូវផ្អាកសាជាថ្មីម្ដងទៀត។ ដូចដែលក្មួយៗទាំងអស់បានដឹងហើយថា ថ្ងៃទី ១៥ ខែតុលា ជារៀងរាល់ឆ្នាំជាថ្ងៃឈប់សម្រាក ដើម្បីប្រជាពលរដ្ឋកម្ពុជារបស់យើង បានធ្វើពិធីគោរពវិញ្ញាណក្ខន្ធចំពោះសម្ដេចឪ សម្ដេចតា សម្ដេចតាទួត…