សេចក្តីដកស្រង់សារសម្លេង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជន បកស្រាយការចោទប្រកាន់របស់ សេង សារី, ជំរើសដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការព្រមានដល់សកម្មភាពលួចនាំចូលទំនិញពីប្រទេសថៃ
(សេង) សារី! ពុកបានស្ដាប់ការសម្ភាសន៍របស់កូន (និង)ការលើកមតិរបស់កូន នៅក្នុងវិទ្យុ RFI របស់បារាំង។ កូនបែរជានិយាយអំពីការដែលពុកលុបសារ។ ពុកគ្រាន់តែបញ្ជាក់ឡើងវិញថា កូនចូលទៅមើលឡើងវិញក្នុង Page របស់ពុកទៅ។ ពុកមិនដែលបានលុបសារទេ។ គ្មានហេតុផលនឹងលុបសាររបស់ពុកទេ … ពុកជូនសារទៅកាន់ប្រជាពលរដ្ឋ ដែលប្រៀបធៀបថា “ការរបួសកូនដៃមួយ មិនគួរធ្វើឲ្យរូបកាយទាំងមូលពិការនោះទេ”។ (ការនិយាយដូច្នេះ) មិនមែនពុកទុករឿងជាតិ រឿងទឹកដី ស្មើនឹងកូនដៃនោះទេ។ ប៉ុន្តែ យើងពិនិត្យមើល (ក្នុង)ទំហំផ្ទៃដី ១៨១ ០៣៥ គីឡូម៉ែត្រក្រឡា (តើ)យើងរងការទន្ទ្រានកាន់កាប់ពីសំណាក់ភាគីថៃប៉ុន្មាន? ហើយទឹកដីប៉ុន្មានហិកតានោះ មិនមែនក្លាយជាដីថៃជាស្ថាពរនោះទេ។ យើងនៅតែបន្តការតស៊ូយកត្រឡប់មកវិញ ដោយមធ្យោបាយសន្តិវិធី។ ជម្រើសមានតែ២ទេ។ ទី១ វាយប្រហារដណ្ដើមយកទឹកដីនោះមកវិញ។ តើកូនយល់ពីជម្រើសនេះឬទេ? (តើ)ហ៊ានមកចូលរួមឬទេ? ជម្រើសបែបនេះគឺការប្រើប្រាស់ជីវិតរបស់ទាហាន គឺធ្វើឲ្យទាហានស្លាប់ និងរបួស ធ្វើឲ្យប្រជាជនស្លាប់និងរបួស និងបង្កើតឲ្យមានជនភៀសសឹកឡើងវិញ។ (កាលពីការកើតមានសង្គ្រាមនាពេលកន្លងទៅ) មាន(ជនភៀសសឹក)រហូតទៅដល់ ៦០ទៅ ៧០ម៉ឺននាក់ឯណោះ។ តើវាគួររើសយកជម្រើសនេះឬទេ? ឬក៏ត្រូវបន្តជម្រើសសព្វថ្ងៃ តាមរយៈការពង្រឹងបទឈប់បាញ់ ហើយការចរចាដោះស្រាយតាមយន្តការដែលមានស្រាប់ ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀង សេចក្ដីថ្លែងការណ៍ឈប់បាញ់ (ពិសេស)ទាក់ទងនឹងកថាខណ្ឌស្ដីពីដំណើរការវាស់វែងតាមព្រំដែនបន្តទៀត…

