សុន្ទរកថាបើក កិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប
ឯកឧត្ដម ឆាលស៍ មីសែល (Charles Michel) ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកជំទាវ អឺរស៊ូឡា វុនឌ ឡូយន (Ursular von der Leyen) ប្រធានគណៈកម្មការអឺរ៉ុប ឯកឧត្ដម ភីតធើ ហ្វអាឡា (Petr Fiala) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆែក និងជាប្រធាន ក្រុមប្រឹក្សាសហភាពអឺរ៉ុប ព្រះចៅស៊ុលតង់, ឯកឧត្តម, លោកជំទាវថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប និង អាស៊ាន! ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ និងជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប, សូមអនុញ្ញាតឱ្យខ្ញុំចាប់ផ្តើមដោយការថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំនៃសហភាពអឺរ៉ុប សម្រាប់ការផ្តួចផ្តើមរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រនេះ ក៏ដូចជាសម្រាប់បដិសណ្ឋារកិច្ចដ៏កក់ក្តៅដល់យើងខ្ញុំទាំងអស់គា្ន។ ជាការពិតកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នេះ គឺជាបង្គោលចរដ៏ធំមួយ នៃទំនាក់ទំនងដ៏យូរអង្វែង ជាង ៤ ទសវត្សរ៍កន្លះរបស់យើង។ តាមទម្លាប់កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នេះ គឺជាឱកាសដ៏ពិសេសមួយ សម្រាប់ការពិនិត្យមើលស៊ីជម្រៅទៅលើកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ក៏ដូចជាការផ្លាស់ប្តូរនូវទស្សនវិស័យ និងស្មារតី ដើម្បីតម្រង់ទិសដៅទៅអនាគតសម្រាប់ទំនាក់ទំនងរបស់យើង។ ដូចដែលយើងដឹងស្រាប់ហើយថា ការវិវឌ្ឍយ៉ាងរហ័សនៃនិម្មាបនកម្មតំបន់ និងសកល រួមទាំងបញ្ហាប្រឈមបែបប្រពៃណី និងមិនមែនប្រពៃណីផ្សេងទៀត សុទ្ធតែជាចំណុចសំខាន់សម្រាប់ការពិចារណា នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលនាថ្ងៃនេះ។ ព្រះចៅស៊ុលតង់,…