សេចក្ដីដកស្រង់ប្រសាសន៍ ជួបថ្នាក់ដឹកនាំគណបក្សនយោបាយ និងពិសារបាយសាមគ្គី
ដំបូង ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ក៏ដូចជាការថ្លែងអំណរគុណចំពោះសម្តេច អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ដែលបានអញ្ជើញតាមការអញ្ជើញរបស់ខ្ញុំ មកចូលរួមពិគ្រោះយោបល់នៅថ្ងៃនេះ។ ទុកបញ្ហាប្រកួតប្រជែងមួយអន្លើ មករួមគ្នាកសាងប្រទេស នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយ ដែលបង្ហាញឲ្យឃើញថា បន្ទាប់ពីការប្រកួតប្រជែងដ៏ស្វិតស្វាញ ដើម្បីដណ្តើមនូវសមានចិត្តរបស់ប្រជាពលរដ្ឋ យើងទុកបញ្ហានោះមួយអន្លើ ហើយចាប់ផ្តើមរៀបចំនូវកិច្ចដំ ណើរការតាមរបៀបមួយ ដែលយើងអាចចូលរួមជាមួយគ្នាក្នុងការកសាងប្រទេសរបស់យើង។ វាមិនយូរប៉ុន្មានទេ នៅដើមឆ្នាំ ២០២២ ដែលនឹងត្រូវធ្វើការបោះឆ្នោតនៅថ្នាក់ឃុំ ហើយឆ្នាំ ២០២៣ ដែលនឹងត្រូវធ្វើការបោះឆ្នោតថ្នាក់ជាតិសាជាថ្មីម្តងទៀត។ ក៏ប៉ុន្តែ ខ្ញុំគិតថា វាជាវិធីល្អមួយប្រសិនបើមានការចូលរួមកាន់តែច្រើន សំដៅកសាងប្រទេសរបស់យើង ដោយមិនរង់ចាំថា យុទ្ធនាការបោះឆ្នោតបានមកដល់ ទើបយើងចាប់ផ្តើម ហើយទុកឲ្យគណបក្សកាន់រដ្ឋាភិបាលធ្វើការតែឯងនោះ។ ទោះបីមានលើសពី ១ គណបក្សនយោបាយក្នុងសភា ក៏នឹងមានការរៀបចំវេទិកាពិគ្រោះយោបល់ ការចូលរួមពីបណ្តាបក្សនយោបាយពិតជាមានសារសំខាន់សម្រាប់ជួយទៅដល់កិច្ចអភិវឌ្ឍន៍ប្រទេស។ ក្នុងន័យនេះ ខ្ញុំក៏សូមយកឱកាសនេះបញ្ជាក់ជូនសម្តេច អង្គម្ចាស់ ឯកឧត្តម លោកជំទាវ ថា បើសិនជាសភាលើកនេះ មាន ៤ ឬ ៥ គណបក្ស(វិញ)ក៏ដោយ វេទិកាបែបនេះ កិច្ចពិគ្រោះយោបល់បែបនេះ ក៏ខ្ញុំនៅតែធ្វើ។ មូលហេតុអ្វីទៅ? យើងធ្លាប់បានការចូលរួមបោះឆ្នោតរាប់សិបគណបក្ស…