សុន្ទកថា និងសេចក្តីអធិប្បាយ សម្តេចតេជោ ហ៊ុន សែន ក្នុងទិវាអបអរខួបលើកទី ១០៥ ទិវានារីអន្តរ ជាតិ ៨ មីនា
សម្តេច លោកជំទាវ ឯកឧត្តម អ្នកអង្គម្ចាស់ លោកឧកញ៉ា លោក លោកស្រី ក្មួយៗនិស្សិតទាំងអស់ និងអង្គពិធីទាំងមូលជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំ និងភរិយា ពិតជាមានសេចក្តីរីករាយដោយបានមកចូលរួម អបអរសាទរខួបទី ១០៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០១៦ ដែលបានប្រារព្ធឡើងយ៉ាងឱឡារិកនាពេលនេះ។ ទិវាឆ្នាំនេះ យើងបានលើកយកប្រធានបទ «វិនិយោគ លើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព» ដែលស្របនឹងអ្វី ដែលខ្ញុំបានថ្លែងនៅក្នុងកិច្ចប្រជុំប្រមុខដឹកនាំពិភពលោកស្តីពី សមភាពយេនឌ័រ និងការលើកកម្ពស់ភាពអង់ឤចរបស់ស្ត្រី ដែលបានប្រព្រឹត្តទៅនៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥ កន្លងទៅ។ ប្រធានបទនេះ ក៏ឆ្លើយតបទៅនឹងក្របខណ្ឌ អភិវឌ្ឍថ្មីជាសកល ជារបៀបវារៈអភិវឌ្ឍ ប្រកបដោយចីរភាពឆ្នាំ ២០៣០ និងគោលដៅទាំង ១៧ ចំណុច នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលនឹងធ្វើឱ្យពិភពលោកទទួលបាននូវកំណើនសេដ្ឋកិច្ច, សុខសន្តិភាព, ការកាត់បន្ថយ គម្លាតរវាងប្រទេស អ្នកមាន និងប្រទេសអ្នកក្រ ដើម្បីបង្កើននូវសុខុមាលភាពសង្គម…