FN ៖ «ការស្នើសុំលុបបំណុលរបស់អាមេរិក គឺជាឆន្ទៈរួមរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់និន្នាការ ចំពោះរដ្ឋបាលវ៉ាស៊ីនតោន នៃទំព័រប្រវត្តិសាស្ត្រថ្មី នៃគោលនយោបាយបរទេសរបស់សហរដ្ឋអាមេរិក ដើម្បីចាកចេញពីទំព័រប្រវត្តិសាស្ត្រ នៃសង្គ្រាមដ៏ជូរចត់ពីភាគីទាំងពីរ» នេះតាមសម្តីរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ។
អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាតាំងពីដើមឆ្នាំ១៩៦៣ ដល់ឆ្នាំដើមឆ្នាំ១៩៧៥ ហើយទិន្នន័យដែលត្រូវបានឯកភាពដោយប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរ បានទទួលស្គាល់ថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាជិត ២លាន ៨សែនតោន ដោយគិតរយៈពេលចាប់ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៦៥ ដល់១៩៧៣ប៉ុណ្ណោះ។ គ្រាប់បែកនោះមានដូចជា គ្រាប់បែកធម្មតា គ្រាប់បែកមានកូនគ្រាប់បែកចង្កោម និងគ្រាប់បែកគីមី នៅជាង ១១ម៉ឺនទីតាំង និងមានការហោះហើរទម្លាក់គ្រាប់ជិត ២៥ម៉ឺនជើង។
បន្ថែមពីនោះលោក ផៃ ស៊ីផាន បានលើកឡើងឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជាចង់ឃើញការ ដោះស្រាយមួយក្នុងពេលវេលាសមស្រប និងរាល់ទិដ្ឋភាពណាមួយដែលកម្ពុជា និងរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ទទួលបានជោគជ័យ ចាកចេញពីទំព័រប្រវត្តិសាស្ត្រនៃសង្គ្រាមដ៏ជូរចត់ ពិបាកទទួលយកបានពីភាគីទាំងពីរ។
សូមជំរាបថា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ថ្លែងចេញពីខេត្តរតនគីរី នៅក្នុងកម្មវិធីចូលរួមចុះពិនិត្យលើការបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ស្ថិតក្នុងភូមិ៣ (វាលឆ្កែហត់) ឃុំត្រពាំងក្រហម ស្រុកកូនមុំ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក William A. Heidt បានទទួលស្គាល់នូវទំងន់ជាប្រវត្តិសាស្ត្រ ដែលសហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់មកលើប្រទេសកម្ពុជា កាលពីសម័យសង្គ្រាមវៀតណាម។
ការបញ្ជាក់បែបនេះរបស់ឯកអគ្គរដ្ឋទូតអាមេរិក ខណៈលោកចូលរួមជាចុះពិនិត្យលើការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នាថ្ងៃព្រហស្បត្តិ៍នេះ នៅកន្លែងកំពុងធ្វើប្រតិបត្តិការផ្ទាល់របស់អង្គការ NPA ស្ថិតក្នុងភូមិ៣ (វាលឆ្កែហត់) ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ក្នុងឱកាសចូលរួមបុណ្យសមុទ្រនៅខេត្តព្រះសីហនុ និងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ថ្មីៗនេះ ក្នុងឱកាសចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុង Davos ប្រទេសស្វីស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យលោក ដូណាល់ ត្រាំ ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ពិចារណាលើការលុបបំណុល ដែលប្រទេសកម្ពុជា បានជំពាក់កាលពីសម័យសាធារណរដ្ឋរបស់ លោកសេនាប្រមុខ លន់ ណុល នាអំឡុងឆ្នាំ១៩៧០។
ដោយសម្តេចតេជោ បានចាត់ទុកថា អាមេរិកគឺជាអ្នកជំរុញឱ្យ មានរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នៅក្នុងប្រទេសកម្ពុជា ដែលរដ្ឋប្រហារនេះ បានបង្កើតសង្រ្គាមនៅក្នុងប្រទេសកម្ពុជា និងបង្កើតខ្មែរក្រហម ទើបមានវិនាសកម្មធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា ដូច្នេះសហរដ្ឋអាមេរិកត្រូវតែប៉ះប៉ូវសងដល់កម្ពុជាវិញ តាមរយៈការលុបបំណុល សម្រាប់សងដល់វិនាសកម្មនេះ។