គ.ជ.ប ទទួលបានជំនួយហិបឆ្នោត ១១,០០០ហិបបន្ថែម និងរថយន្ត ៤០គ្រឿងពីជប៉ុន ដែលមានតម្លៃជាង ៧លានដុល្លារ
FN ៖ ដូចការសន្យា រាជរដ្ឋាភិបាលជប៉ុន បានប្រគល់ជំនួយជាសម្ភាររួចហើយ មកឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលមានទឹកប្រាក់ស្នើនឹងជាង ៧លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ។ បើតាមគ.ជ.ប សម្ភារទាំងនោះរួមមាន៖ ហិបឆ្នោតចំនួន ១១,០០០ហិប និងរថយន្តប្រភេទ Pickup ចំនួន៤០គ្រឿង។ ជំនួយបន្ថែមនេះ បានធ្វើឡើងបន្ទាប់ពីមានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ក្នុងទឹកប្រាក់ ៨០០លានយេន រវាងលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយនឹងលោក ហៃដឺហ៉ីសា ហូរីណូឈី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។ សូមជម្រាបថា គ.ជ.ប ក៏មានហិបឆ្នោតចំនួន ១២.០០០ទៀត ជាជំនួយរបស់ជប៉ុនតាំងពីឆ្នាំ១៩៩៨ ដែលកំពុងបន្តប្រើប្រាស់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ សម្ភារបរិក្ខា ដែលជាជំនួយរបស់ជប៉ុន និងសម្ភារបោះឆ្នោតផ្សេងទៀត បាននិងកំពុងបញ្ជូនទៅគណៈកម្មការឃុំ/សង្កាត់រៀបចំការបោះឆ្នោត…