សារលើហ្វេសប៊ុក ស្តីពី ការឈប់លក់សំបុត្រចូលទស្សនាឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»
ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល មានសេចក្តីរីករាយ សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា ក្រុមហ៊ុន សុខា អូតែល បានស្ម័គ្រចិត្តឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងរមណីយដ្ឋានបូកគោ ដែលនឹងចូលជាធរមាន ចាប់ពីវេលាម៉ោង ០០:០០ នាទី ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៧ តទៅ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ យល់ថា ការឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិនេះ នឹងជួយសម្រួលដល់បងប្អូនជនរួមជាតិ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ បានឡើងទៅទស្សនាកម្សាន្ដនៅលើតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ដ ជាពិសេសបានទស្សនាទេសភាពដ៏ស្រស់ត្រកាល និងសែនមនោរម្យ និងស្វែងយល់អំពីប្រភេទសត្វ និងរុក្ខជាតិដ៏មានតម្លៃ ដែលមាននៅក្នុងតំបន់ឧទ្យានជាតិ។ បងប្អូនជនរួមជាតិ នឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរឡើងទៅកាន់តំបន់រមណីយដ្ឋានបូកគោ ដើម្បីស្វែងយល់ពីហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ និងសាសនា ក៏ដូចជាការគោរពប្រតិបត្តិពិធីប្រពៃណីសាសនានៅលើតំបន់ប្រវត្តិសាស្រ្ដនេះ។ លើសពីនេះទៅទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា ដំណោះស្រាយនេះ ក៏នឹងជួយជំរុញឱ្យសកម្មភាពទេសចរណ៍នៅតំបន់ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ក៏ដូចជានៅរបៀងទេសចរណ៍ភាគខាងត្បូង ជាពិសេសតំបន់ឆ្នេរ មានការកើនឡើងបន្ថែមទៀត សំដៅរួមចំណែកដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាសហគមន៍ក្នុងមូលដ្ឋាន។