សុន្ទរកថា និងសេចក្តីដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន បើកមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី ៤១
[សុន្ទរកថា] ព្រះអង្គម្ចាស់ទាយាទ ព្រះអង្គម្ចាស់ សម្តេច ឯកឧត្តម លោកជំទាវ ឯកឧត្តមប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីដ៏មាន សារសំខាន់នេះ។ ខ្ញុំសូមស្វាគមន៍ព្រះអង្គម្ចាស់ទាយាទ ព្រះអង្គម្ចាស់ ឯកឧត្តមប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងសមាជិកសមាជិកា ដែលបានអញ្ជើញមកចូលរួមក្នុងមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី ៤១ នៅព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដែលបានផ្តល់សេចក្តីទុកចិត្ត និងគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី ៤១ នេះ នៅព្រះរាជាណាចក្រកម្ពុជា។ ការជួបជុំ នៃមហាសន្និបាតលើកទី ៤១ នៅកម្ពុជា ក្នុងឆ្នាំ ២០២២ នេះ គឺជាពេលវេលាមួយដ៏សមស្រប និង មានសារសំខាន់ សម្រាប់កម្ពុជា ក្នុងការផ្លាស់ប្តូរយោបល់ និងការដកស្រង់នូវបទពិសោធន៍ជាក់ស្តែង ព្រមទាំងធាតុចូលល្អៗ ដែលនឹងទទួលបានតាមរយៈការធ្វើបទបង្ហាញដោយអ្នកជំនាញ នៃវិស័យកីឡា និងកិច្ចពិភាក្សាពាក់ព័ន្ធនឹងវិស័យនេះ ពីព្រោះនៅឆ្នាំ ២០២៣ កម្ពុជាត្រូវបានផ្តល់ការគាំទ្រធ្វើជាប្រធានក្រុមប្រឹក្សាកីឡាស៊ីហ្គេម…