FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤។
ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤៖
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចសេចក្តីសោមនស្ស និងមោទនភាពក្រៃលែង ដោយបានចូលរួមជាអធិបតី ក្នុង «វេទិកាសហគ្រិនឆ្នើម និង ពានរង្វាន់បណ្ដាញសហគ្រិនស្ត្រីអាស៊ាន (AWEN) ឆ្នាំ ២០២៤» ដែលជានិមិត្តរូបនៃការទទួលស្គាល់សហគ្រិនស្រ្តី ទាំងនៅកម្ពុជា និងនៅទូទាំងសហគមន៍ អាស៊ានដ៏រស់រវើករបស់យើង។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ត្រីគឺជាបេះដូងនៃគ្រួសារ, ជាព្រលឹងនៃសហគមន៍ និងជាវិចារណញ្ញាណនៃប្រជាជាតិ។
ការបីបាច់ថែរក្សារបស់ស្ត្រី ផ្ដល់ឱ្យមានតុល្យភាព, ប្រាជ្ញាស្មារតីរបស់ស្ត្រី ជួយនាំឱ្យមានការ សម្រេចចិត្តដ៏ត្រឹមត្រូវ, ហើយភាពជាអ្នកដឹកនាំ ប្រកបដោយការចេះយល់ចិត្តរបស់ស្ត្រី ជំរុញឱ្យមានភាពសុខដុមរមនា ។ - សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចូលរួមកាន់តែសកម្មរបស់ស្ត្រី នៅក្នុងសកម្មភាពសេដ្ឋកិច្ច តំបន់ និងអន្តរជាតិ មិនត្រឹមតែអាចជំរុញការអភិវឌ្ឍសហគ្រាសរបស់ពួកគេប៉ុណ្ណោះទ ប៉ុន្តែថែមទាំងរួមចំណែកដល់ការពង្រឹងភាពធន់ និងចីរភាពនៃសេដ្ឋកិច្ច ក្នុងសហគមន៍ និង ប្រទេសជាតិទាំងមូលផងដែរ ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹត្តិការណ៍ក្នុងថ្ងៃនេះ គឺជាកាលានុវត្តភាពដ៏សំខាន់ សម្រាប់ការផ្ដល់ សិទ្ធិអំណាចដល់សហគ្រិនស្ត្រី និងឆ្លុះបញ្ចាំងឱ្យឃើញពីការរួមចំណែក និងសក្ដានុពលដ៏ ធំធេងរបស់ស្ត្រី ក្នុងការអភិវឌ្ឍសហគមន៍ធុរកិច្ច និងកំណើនសេដ្ឋកិច្ច នៅកម្ពុជា ក៏ដូចជានៅ ក្នុងតំបន់អាស៊ានទាំងមូល ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹត្តិការណ៍នេះក៏ជាកាលានុវត្តភាពដ៏ពិសេស សម្រាប់ការផ្លាស់ប្តូរចំណេះដឹង, ការកសាងសមត្ថភាព និងកិច្ចសហការនានា ដែលអនុញ្ញាតឱ្យសហគ្រិន ស្ត្រីអាចអភិវឌ្ឍយុទ្ធសាស្ត្រ, បង្កើនសមត្ថភាពអាជីវកម្ម និងភាពប្រកួតប្រជែង, ចែករំលែក ឧត្តមានុវត្តន៍ និងភ្ជាប់ខ្លួនទៅនឹងបណ្តាញធនធាន ទំនាក់ទំនង និងទីផ្សារ ដ៏ធំទូលាយ ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹត្តិការណ៍ក្នុងថ្ងៃនេះ គឺជាភស្តុតាងមិនអាចប្រកែកបាន នៃស្មារតីអង់អាចរបស់ស្ត្រីអាស៊ាន ដែលហ៊ានជម្នះឧបសគ្គ, មានមហិច្ឆតា, និងហ៊ានដឹកនាំ ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំជាងគេទី ៥ នៅលើពិភពលោក ដោយសារស្ត្រីអាស៊ាន បានដើរតួនាទីយ៉ាងសំខាន់ ជាមូលដ្ឋានគ្រឹះនៃសហគមន៍ និងសេដ្ឋកិច្ច ដោយបានរួមចំណែក ដល់ការបង្កើតការងារ, កាត់បន្ថយភាពក្រីក្រ, និងលើកស្ទួយសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន, ព្រមទាំងគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈវេទិកាតំបន់ និងអន្តរជាតិ, ជំរុញ កំណើន និងបង្កើននវានុវត្តន៍ឆ្លងព្រំដែន ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅកម្ពុជា, មូលដ្ឋានគ្រឹះនៃសង្គម ដែលប្រកបដោយសន្តិភាព, ភាពសុខដុមរមនា និង ភាពធន់ ត្រូវបានរួមចំណែកបង្កើតឡើងដោយស្រ្តីខ្មែរជាច្រើនជំនាន់។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្លាំងដ៏មុតស្រួច និងការណែនាំដ៏ទន់ភ្លន់របស់ស្រ្តី បានជួយរក្សាលំនឹងរបស់យើង នៅពេលឆ្លងកាត់កាលៈទេសៈដ៏ ច្របូកច្របល់ និងអនុញ្ញាតឱ្យប្រទេសជាតិ មានការរីកចម្រើន ការផ្ដល់តម្លៃ និងផ្តល់ ការគោរពចំពោះស្រ្តី បានដក់ជាប់យ៉ាងជ្រៅ នៅក្នុងវប្បធម៌, ប្រពៃណី និងការអប់រំប្រៀនប្រដៅរបស់យើង ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាក់ស្តែង, កម្ពុជាប្រើពាក្យ «មេ» នៅគ្រប់មជ្ឈដ្ឋានក្នុងសង្គម ដើម្បីបញ្ជាក់ពីអត្ថន័យដ៏ចម្បង នៃការផ្តល់តម្លៃខ្ពស់បំផុតដល់ស្ត្រី ដោយសារពាក្យនេះភ្ជាប់ជាមួយ នឹងកិត្តិយស, មុខតំណែង និងតួនាទីខ្ពស់បំផុត ទាំងក្នុងវិស័យឯកជន និងសាធារណៈ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងប្រវត្តិសាស្ត្រដ៏សម្បូរបែប និងរស់រវើករបស់កម្ពុជា ស្ត្រីតែងបានកាន់តំណែង ប្រកបដោយអំណាច និងឥទ្ធិពល, ហើយបានបន្សល់ទុកនូវស្នាដៃកេរ្តិ៍តំណែលយ៉ាងធំធេង ដល់ការអភិវឌ្ឍប្រទេសជាតិ ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ត្រីកម្ពុជា តែងរួមចំណែក លើសពីតួនាទីបែបប្រពៃណីរបស់ ស្ត្រី និងបានបង្ហាញពីភាពជាអ្នកដឹកនាំដ៏ពិសេស ក្នុងទិដ្ឋភាពផ្សេងៗ ។ ជាក់ស្ដែង, ព្រះរាជា ទីមួយរបស់កម្ពុជា គឺ ព្រះនាងសោមា ឬ ព្រះនាង លីវយី ដែលបានសោយរាជ្យនៅនគរ ហ្វូណន មុនសម័យអង្គរ ។ ភាពជាអ្នកដឹកនាំ និងសមត្ថភាពខាងយោធាដ៏រឹងមាំរបស់ព្រះនាង បានបង្រួបបង្រួម និងពង្រីកឥទ្ធិពលជាតិ តាមរយៈពាណិជ្ជកម្ម និងការទូត ដោយការណ៍នេះ បានធ្វើឱ្យព្រះនាងក្លាយជាគំរូ សម្រាប់មេដឹកនាំស្ត្រី ក្នុងជំនាន់ក្រោយៗ។ យើងក៏មានស្ត្រីដ៏ អស្ចារ្យដទៃទៀត ដូចជា ព្រះនាងជ័យរាជទេវី, ព្រះនាងសោមា, ព្រះនាងឥន្ទ្រទេវី ជាដើម ដែលបានចូលរួមចំណែកកសាងប្រវត្តិសាស្ត្រនៃប្រជាជាតិយើង ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វីរភាពរបស់មេដឹកនាំស្ត្រីគំរូ ទាំងនេះតែងផ្តល់ជាការបណ្ដុះគំនិត និងរំឭកអំពីកម្លាំង, ភាពឈ្លាសវៃ និងភាពធន់របស់ស្ត្រី ក្នុងភាពជាអ្នកដឹកនាំ ។ ឈរលើកេរ្ដិ៍ដំណែលដ៏សម្បូរបែបនេះ, យើងទទួលស្គាល់ការរួម ចំណែកដ៏ធំធេងរបស់ស្ត្រី នៅក្នុងប្រវត្តិសាស្ត្រ មិនត្រឹមតែជាមហាក្សត្រី និងមេដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសហគ្រិន, នវានុវត្តជន, អ្នកផ្តល់ការថែទាំ និងអ្នកកសាងសហគមន៍ផងដែរ ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងតំបន់អាស៊ាន មានប្រជាជនប្រមាណ ៩,៨% ឬជាង ៦០លាននាក់ ដែលជាម្ចាស់អាជីវកម្ម ដែលជាស្ត្រី ។ ស្ត្រីគឺជាម្ចាស់អាជីវកម្មចម្បង នៅប្រទេសកម្ពុជា ដែលគ្រប់គ្រង ប្រហែលជាពីរភាគបី នៃចំនួនអាជីវកម្មសរុប ។ តួលេខនេះគឺជាតឹកតាងមិនអាចប្រកែកបាន ដែលបង្ហាញពីស្មារតីសហគ្រិនភាពរបស់ស្ត្រី ក្នុងតំបន់អាស៊ាន និងកម្ពុជា យ៉ាងណាក្តី, យើងក៏ត្រូវទទួលស្គាល់ថា ដំណើរការធុរកិច្ចរបស់ពួកគេ ក៏មិនមែនងាយស្រួលនោះដែរ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើត AWEN និង CamWEN ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ ក្នុងថ្ងៃនេះ គឺជាបង្ហាញពីការប្តេជ្ញាចិត្ត របស់យើង ក្នុងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាតែងទទួលស្គាល់តួនាទីដែលមិនអាចខ្វះបានរបស់ស្ត្រី ក្នុងសង្គម និងសេដ្ឋកិច្ច ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីដឹកនាំការអនុវត្តការផ្តល់សិទ្ធិអំណាចដល់ស្ត្រី, រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការ នារីរតនៈទី ៦ : ផែនការយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ផែនការយុទ្ធសាស្ត្រក្នុងដំណាក់កាលនីមួយៗ ត្រូវបានរៀបចំឡើង ដោយឈរលើវឌ្ឍនភាពនៃផែនការយុទ្ធសាស្ត្រលើកមុនៗ និងស្រប តាមច្បាប់, គោលនយោបាយជាតិ, ការកែទម្រង់របស់រាជរដ្ឋាភិបាល និងរបៀបវារៈឆ្នាំ ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឈរលើគោលការណ៍មិនបោះបង់ពលរដ្ឋណាម្នាក់។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំគម្រោង ស្នើទៅភាគីចិន ដើម្បីបង្កើតមជ្ឈមណ្ឌលសហគ្រិនភាពស្ត្រីមេគង្គ-ឡានឆាងដើម្បីបន្តគាំទ្រដល់ការតភ្ជាប់បណ្តាញទំនាក់ទំនង, ការធ្វើអាជីវកម្ម, និងការអភិវឌ្ឍសហគ្រិន- ភាពស្ត្រី ក្នុងតំបន់ ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា និងខ្លួនសម្តេចផ្ទាល់ មានចក្ខុវិស័យវែងឆ្ងាយ សម្រាប់ការពង្រឹងភាពអង់អាចរបស់ស្ត្រី ហើយយើងមានការប្ដេជ្ញាចិត្តពេញលេញ ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យនេះ ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រមើលឃើញកម្ពុជា មានក្មេងស្រីក្លាហាន ប្រកបដោយមហិច្ឆតាខ្ពស់ ដោយមានទំនុកចិត្តថា ពួកគេអាចទទួលបានការគាំទ្រ និងធនធានចាំបាច់ ដើម្បីប្រែក្លាយសុបិនរបស់ពួកគ ឱ្យទៅជាការពិត … សម្តេចប្រមើលឃើញកម្ពុជា ជាគំរូដ៏ភ្លឺស្វាងនៃសមភាពយេនឌ័រ និងជា និមិត្តរូបនៃក្តីសង្ឃឹម សម្រាប់សហគមន៍អាស៊ានទាំងមូល ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីសម្រេចចក្ខុវិស័យនេះ, រាជរដ្ឋាភិបាល នឹងបន្តវិនិយោគ លើការអប់រំស្ត្រី និងផ្ដល់លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការបង្ហាត់បង្រៀន ព្រមទាំងជម្នះ គ្រប់ឧបសគ្គ ដែលបន្ទច់បង្អាក់ដំណើររបស់យើង ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វត្តមានរបស់សម្តេចក្នុងថ្ងៃនេះ មិនមែនគ្រាន់តែជានាយករដ្ឋមន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកូន ប្រុសរបស់ម្តាយដ៏អស្ចារ្យ, ជាប្អូនប្រុស និងបងប្រុស របស់បងប្អូនស្រីរបស់សម្តេច, ជាឪពុករបស់ កូនស្រីរបស់សម្តេច, និងជាស្វាមីរបស់ភរិយាដ៏អស្ចារ្យរបស់សម្តេច។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចយល់ពីការតស៊ូ, បំណងប្រាថ្នា និងសក្តានុពលដ៏ធំធេងរបស់ស្ត្រី, ហើយសូមប្ដេជ្ញាថា នឹងបន្តគាំទ្របុព្វហេតុរបស់ស្ត្រី, និង បន្តជាអ្នកតស៊ូមតិ, ជាសម្ព័ន្ធមិត្ត និងជាអ្នកគាំទ្រឥតងាកររបស់ស្ត្រី។