ប្រធាន គ.ជ.ប ចេញលិខិតព្រមានលោក ខឹម វាសនា ដែលធ្វើសកម្មភាពឃោសនា និងវាយប្រហារគណបក្សផ្សេង នៅថ្ងៃហាមឃាត់
FN ៖ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប.) លោក ស៊ិក ប៊ុនហុក នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញលិខិតព្រមានមួយដល់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានធ្វើសកម្មភាពឃោសនា និងវាយប្រហារគណបក្សនយោបាយផ្សេង តាមប្រព័ន្ធអនឡាញនៅថ្ងៃហាមឃាត់ គឺមុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត។ នៅក្នុងលិខិតព្រមាននេះ លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ថា «គ.ជ.ប បានសង្កេតឃើញថា នៅថ្ងៃហាមឃាត់ នៃការធ្វើសកម្មភាពឃោសនាបោះឆ្នោត គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រើប្រាស់ប្រព័ន្ធអនឡាញ ធ្វើការផ្សព្វផ្សាយវាយប្រហារទៅលើគណបក្សនយោបាយផ្សេងទៀត។ សកម្មភាពនេះ ជាការរំលោភច្បាប់ទាំងស្រុង ព្រោះថា គ្រប់សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយត្រូវបញ្ឈប់ ២៤ម៉ោង មុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត»។ លោក ស៊ិក ប៊ុនហុក បានប្រាប់លោក ខឹម វាសនា ត្រូវបញ្ឈប់ជាបន្ទាន់ ចំពោះការផ្សព្វផ្សាយឃោសនាដែលផ្ទុយពីច្បាប់បោះឆ្នោត បើពុំដូច្នោះទេ គ.ជ.ប នឹងចាត់វិធានការតាមផ្លូវច្បាប់។