សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការជួយកសាងសហគមន៍អាស៊ាន
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការជួយកសាងសហគមន៍អាស៊ាន និងការធ្វើសមាហរណកម្មអាស៊ានតាមរយៈមូលនិធិជប៉ុន។ ការវាយតម្លៃរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២១ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។ កិច្ចប្រជុំនេះ មានការយាង និងអញ្ជើញចូលរួមពីមេដឹកនាំអាស៊ានទាំង១០ រួមនឹងលោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន។ ក្នុងប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានសំដែងការតស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២១ ដ៏មានសារសំខាន់នេះ។ ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ានទាំងអស់ បានសំដែងនូវសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានឃើញកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន មានវឌ្ឍនភាពគួរឲ្យកត់សំគាល់ ក្នុងរយះពេល៤៥ ឆ្នាំកន្លងមក។ ក្នុងស្មារតីនេះមេដឹកនាំអាស៊ានទាំងអស់ បានស្វាគមន៍និងគាំទ្រចំពោះការចេញផ្សាយសេចក្តីប្រកាសរួម ស្តីពីកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២១ ដើម្បីអបអរសាទរខួបលើកទី៤៥ នៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។ ជាមួយគ្នានេះមេដឹកនាំអាស៊ាន ក៏បានគាំទ្រនូវការបន្តធ្វើការយ៉ាងជិតស្និទ្ធរវាងសមាជិកអាស៊ាន និងជប៉ុន ដើម្បីអនុវត្តការកែសម្រួលផែនការអនុវត្តចក្ខុវិស័យស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលត្រូវបានអនុម័តកាលពីខែសីហាឆ្នាំ២០១៧ ឲ្យបានេពេញលេញ និងប្រកបដោយប្រសិទ្ធភាពសំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្រ្តរវាងអាស៊ាន និងជប៉ុន…