FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាទៅ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យពិនិត្យមើលភាពមិនប្រក្រតី អំពើពុករលួយ ដែលកើតឡើងនៅក្នុងប្រព័ន្ធតុលាការកម្ពុជា។ នេះបើតាម លោក ឈឹម ផលវរុណ អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
ការដាក់បទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ដើម្បីពិនិត្យការងាររយៈពេលមួយឆ្នាំនៃស្ថាប័នមួយនេះ សម្រាប់រកចំណុចកែលំអរ និងជំរុញប្រសិទ្ធភាពការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
លោក ឈឹម ផលវរុណ អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានលើកឡើងថា នៅក្នុងកិច្ចប្រជុំនោះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានលើកឡើង អំពីអំពើពុករលួយ នៅក្នុងប្រព័ន្ធយុត្តិធម៌។
លោកអះអាងយ៉ាងដូច្នេះថា៖ «សម្តេចតេជោ លោកបានបញ្ជាទៅ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យពិនិត្យពីភាពមិនប្រក្រតីនេះ ដែលមានការពុករលួយប្រើតាមរយៈមេធាវី តាមការលើកឡើងរបស់ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថា បុគ្គលដែលជាចៅក្រម ព្រះរាជអាជ្ញា គាត់មិនមែនទៅយកលុយផ្ទាល់ពីពលរដ្ឋទេ គឺមេធាវីទេ ដែលគាត់ជាអ្នកយកលុយ ហើយយកទៅចែកបន្ត»។
លោកបានបន្តទៀតថា «តាមរយៈហ្នឹងហើយ ដែលអំពើពុករលួយ អាថកំបាំងណាស់ អញ្ចឹងហើយប្រតិភូគណបក្សនានា បានលើកពីបញ្ហានេះ ហើយសម្តេចតេជោ បានចាត់តាំងឱ្យ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ត្រូវពិនិត្យ ពីលទ្ធភាពតើត្រូវមានវិធានការយ៉ាងណា ដើម្បីទប់ស្កាត់ភាពមិនប្រក្រតី នៅក្នុងប្រព័ន្ធយុត្តិធម៌»។
កន្លងទៅ ប្រព័ន្ធយុត្តិធម៌កម្ពុជា បានរងការរិះគន់ពីប្រជាពលរដ្ឋមួយចំនួន ដោយចោទថា មិនបានផ្តល់យុត្តិធម៌ត្រឹមត្រូវដល់អ្នករងគ្រោះពិតប្រាកដ។ ភាពអយុត្តិធម៌ ក្នុងប្រព័ន្ធតុលាការ បានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋមួយចំនួនចំពោះរាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងទៅ ក៏បានបង្ហាញពីបំណងក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការកម្ពុជា តាមរយៈការយកភាពយន្តរឿងប៉ាវចិនធ្វើជាគំរូផងដែរ។ សម្តេចបានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ទាំងអស់នៅកម្ពុជា ចាក់រឿងតុលាការមុខដែក ដើម្បីជំរុញភាពយុត្តិធម៌ក្នុងប្រព័ន្ធតុលាការ ឱ្យកាន់តែប្រសើរជាងមុន៕