ឯកឧត្តមលោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ អង្គសន្និសីទទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីបើក សន្និសីទកំពូលសារព័ត៌មានឤស៊ីលើកទី ១៦ ស្តីពី «ឌីជីថលភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយ ដោយផ្តោតលើទីផ្សារកំពុងអភិវឌ្ឍ» ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយវិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឤស៊ីប៉ាស៊ីហ្វិក (AIBD) នាឱកាសនេះ ។ ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ស្ថាប័នជាតិ មន្ត្រីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍនិងបងប្អូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងគណៈប្រតិភូទាំងអស់ដែលកំពុងមានវត្តមាននៅលើទឹកដីអង្គរ ខេត្តសៀមរាប ដែលជាតំបន់ប្រវត្តិសាស្ត្រដ៏ល្បីរបស់កម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមកោតសរសើរចំពោះ វិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឤស៊ីប៉ាស៊ីហ្វិក ដែលបានខិតខំជំរុញការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឤស៊ី ឱ្យដើរទាន់ការរីកចម្រើននៃបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន និងលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែមានសក្តានុពល ព្រមទាំងជំរុញការអភិវឌ្ឍទីផ្សារប្រព័ន្ធផ្សព្វផ្សាយ ឌីជីថល ឆ្លើយតបទៅនឹងការប្រកួតប្រជែងទីផ្សារលើវិស័យសារព័ត៌មាន រវាងសារព័ត៌មានប្រពៃណី ជាមួយសារព័ត៌មានឌីជីថល ក៏ដូចជាការប្រកួតប្រជែង ជាមួយបណ្តាញទំនាក់ទំនងសង្គម ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន។ ខ្ញុំក៏សូមកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រី គ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន ដែលបានសហការជាមួយវិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឤស៊ីប៉ាស៊ីហ្វិកដើម្បីរៀបចំសន្និសីទដ៏មានសារសំខាន់នេះ។ ឯកឧត្តម លោកជំទាវ អស់លោកលោកស្រី ! កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទកំពូលសារព័ត៌មានលើកទី ១៦ ដើម្បីផ្លាស់ប្តូរ មតិស្តីពីវិទ្យាសាស្ត្រ និងការវិវត្តបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន សម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន ព្រមទាំងចក្ខុវិស័យរយៈពេលវែងទៅអនាគត ដើម្បីប្រែក្លាយបច្ចេកវិទ្យាឌីជីថល ភ្ជាប់ជាមួយ បដិវត្តឧស្សាហកម្មទី ៤ ក្នុងគោលដៅជំរុញការធ្វើ ឌីជីថលភាវូបនីយកម្ម ប្រព័ន្ធផ្សព្វផ្សាយទៅក្នុងទីផ្សារឱ្យកាន់តែមានសក្តានុពលថែមទៀត និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ ដើម្បីផ្លាស់ប្តូរព័ត៌មានអំពីការវិវត្តបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាព័ត៌មាន ដែលកំពុងគំរាម និងបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរលើសិទ្ធិបុគ្គល និងសន្តិសុខក្នុងតំបន់ ក៏ដូចជានៅលើសកលលោកទាំងមូល។ ទន្ទឹមនេះ ចរន្តនៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទំនើប បានប្រែក្លាយ ឌីជីថល ឆ្ពោះទៅកាន់ បដិវដ្តឧស្សាហកម្មទី ៤ ដែលជាកត្តាគន្លឹះក្នុងការអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងវិស័យផ្សេងៗទៀត ជាមួយនឹងការបង្កើតឡើងនូវកាលានុវត្តភាព និងអត្ថប្រយោជន៍ ដូចខាងក្រោម៖…