រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនកម្មករ-កម្មការិនី នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ សិន តៃ ក្នុងខណ្ឌសែនសុខ
FN ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង នៅថ្ងៃព្រឹកថ្ងៃទី១២ ខែកញ្ញានេះ បានដឹកនាំក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងមន្ទីរពេទ្យព្រះអង្គឌួង ចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់កម្មករ-កម្មការិនី ជាង២,០០០នាក់ នៅរោងចក្រសម្លៀកបំពាក់ សិន តៃ ហ្គាមិន ដែលស្ថិតនៅ ផ្លូវរទេះភ្លើង ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងថា «ថ្ងៃនេះក្រុមគ្រូពេទ្យរបស់យើង បានចុះមកពិនិត្យព្យាបាលជំងឺដល់បងប្អូនកម្មករ-កម្មការិនី ដល់រោងចក្រតែម្ដង ដើម្បីជួយសម្រួលការលំបាករបស់ពួកគាត់ ដោយមិនចាំបាច់ទៅដល់មន្ទីរពេទ្យ ហើយគ្រូពេទ្យរបស់យើង នឹងទទួលពិនិត្យព្យាបាលជំងឺគ្រប់មុខ បំពង់ករ ភ្នែក ច្រមុះ លើសឈាម ផ្លូវដង្ហើម ជំងឺទូទៅផ្សេងទៀត ហើយបើអាការៈធ្ងន់ធ្ងរ យើងនឹងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយមិនយកកម្រៃនោះទេ »។ រដ្ឋមន្ដ្រីថ្លែងបន្ដថា «នេះជាយុទ្ធនាការដែលយើងបានដាក់ចេញកន្លងមកនេះ បន្ទាប់ពីក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បានពិភាក្សារៀបចំ ចុះពិនិត្យសុខភាពទូទៅ ជូនកម្មករ-កម្មការិនី នៅតាមរោងចក្រ សហគ្រាសនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដ…