ជួបប្រតិភូកីឡាករ/ការិនីកម្ពុជា ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី ៣០ នៅហ្វីលីពីន
ស្មឹងស្មាធិគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះរៀម បុប្ផាទេវី ថ្ងៃនេះ យើងជួបជុំគ្នាដើម្បីជូនដំណើរកីឡាករ/ការិនី គ្រូបង្វឹក និងអ្នកដឹកនាំដទៃទៀត ដើម្បីទៅចូលរួមនៅក្នុងស៊ីហ្គេម លើកទី ៣០ នៅប្រទេសហ្វីលីពីន។ ដោយសារប៉ុន្មានម៉ោងមុននេះ គឺនៅម៉ោង ១២:៣០ នាទី ថ្ងៃត្រង់នេះ យើងបានទទួលព័ត៌មានដ៏ក្រៀមក្រំ គឺសម្តេចព្រះរៀម នរោត្តម បុប្ផាទេវី បានសោយទិវង្គតក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សា។ ខ្ញុំសុំអញ្ជើញ ឯកឧត្តម លោកជំទាវ អស់លោក/ស្រី នាងកញ្ញា ធ្វើការក្រោកឈរឡើង ដើម្បីស្មឹងស្មាធិគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ។ សុំអរគុណ។ សោកស្តាយ ចំពោះការបាត់បង់មរតកវប្បធម៌មនុស្សរស់ យើងពិតជាមានការសោកស្តាយ ចំពោះការបាត់បង់ធនធានមនុស្ស ដែលចាត់ទុកថា ជាមរតកវប្បធម៌មនុស្សរស់។ ក្នុងនាមទូលបង្គំយើងខ្ញុំទាំងអស់គ្នានៅទីនេះ សូមចូលរួមជាមួយនឹងសម្តេចម៉ែ ដែលកំពុងតែមានការខ្វល់ខ្វាយជាមួយនឹងបុត្រីច្បង ដែលសោយទិវង្គតនៅពេលនេះ។ សុំចូលរួមជាមួយព្រះមហាក្សត្រ ដែលជាព្រះអនុជរបស់សម្តេចព្រះរៀម ដែលបានសោយទិវង្គត។ យើងបានចងចាំនូវអ្វីដែលសម្តេចព្រះរៀមបានបន្សល់ទុកតាំងពីទសវត្សរ៍ទី ៦០ និងក្រោយមកទៀត។ នៅទីណាក៏ដោយ ក៏ព្រះអង្គមិនភ្លេច ជាមួយនឹងការរៀបចំគ្រប់ទម្រង់នៃសិល្បៈបុរាណខ្មែរយើង ក្នុងនោះ របាំព្រះរាជទ្រព្យ គឺស្ថិតជាផ្នែកដ៏សំខាន់នៃការគាំពារដឹកនាំដោយព្រះអង្គ ក្នុងន័យដើម្បីរំលឹកទៅដល់វីរភាព និងការចូលរួមចំណែក…