សម្តេចតេជោ ហ៊ុន សែន គាំទ្រឱ្យបំផុសការយល់ដឹងជាសាធារណៈ ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់ប្រជាជន ក្នុងការរស់នៅស្អាត
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ ដែលកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសាធារណៈ ឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមទីជនបទ ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់ប្រជាជន ក្នុងការប្រតិបតិ្តលើការរស់នៅស្អាត។ នេះបើយោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនប្រជាជនទូទាំងពិភពលោក នាឱកាសប្រារព្ធពិធីទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោក ២៥ ខែមេសា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ។ នៅក្នុងសារលិខិតរបស់សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំព្រះករុណា សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះគ្រប់សកម្មភាពទាំងអស់ដែលនឹងកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសាធារណៈ ឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមទីជនបទ ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់ប្រជាជនក្នុងការប្រតិបតិ្តលើការរស់នៅស្អាត»។ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ជំងឺគ្រុនចាញ់មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សុខភាព ចំណាយលុយកាក់តាមរយៈការចំណាយដោយផ្ទាល់លើការព្យាបាល ការខាតបង់ការងារ ការបាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៀតផង។ តាមទស្សនទាននេះយើងទាំងអស់គ្នាចាំបាច់ណាស់ត្រូវបន្តយកចិត្តទុកដាក់លើបញ្ហាជំងឺគ្រុនចាញ់ ដោយយើងមិនអាចមើលរំលងបានឡើង។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ផ្ទុយទៅវិញប្រសិនបើប្រជាពលរដ្ឋមានសុខភាពល្អនឹងនាំឱ្យមានជីវភាពរស់នៅល្អប្រសើរ មានលទ្ធភាពខ្ពស់លើការបង្កើនចំណេះដឹង…