FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០១៧នេះ បានបន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៤,៦១៤នាក់មកពីរោងចក្រចំនួន១០ នៅតំបន់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។ សម្តេចតេជោ ហ៊ុន សែន បានសម្រេចចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយតំណាងកម្មករ កម្មការិនី ព្រមទាំងចុះជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនីនៅតាមបណ្តារោងចក្រនានាផងដែរ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី និងដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់កម្មករ កម្មការិនីផងដែរ។ ជាពិសេសដំណើរចុះជួបកម្មករ កម្មការិនីនេះ ដើម្បីជំរុញនូវគោលនយោបាអភិវឌ្ឍន៍វិស័យឧស្សាហកម្មឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់កម្មករ កម្មការិនីថា វត្តមានរបស់សម្តេចបានស្ថិតនៅជាប់គ្រប់ដំណាក់កាល នៃប្រទេសកម្ពុជាក្នុងរយៈពេលប្រមាណជា ៣០ឆ្នាំមកនេះ។ ក្នុងនោះពេលប្រទេសត្រូវរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ សម្តេចមានវត្តមាន នៅកងទ័ពជួរមុខ ដើម្បីជួបជាមួយកងទ័ពរំដោះជាតិ។ * ក្រោយរំដោះជាតិសម្តេចក៏មានវត្តមាននៅតាមតុចរចាដើម្បី ស្វែងរកសុខសន្តិភាពជូនប្រទេសជាតិ បន្ទាប់មកទៀតគេក៏ឃើញវត្តមានសម្តេចនៅជំរុំកងទ័ព ខ្មែរក្រហមនៅតាមជាយដែន ដោយយកជីវិតធ្វើជាដើមទុន ដើម្បីយកកងទ័ពខ្មែរមករួមរស់ក្រោមដំបូល រាជរដ្ឋាភិបាល និងបញ្ចប់ភ្លើងសង្រ្គាម នៅកម្ពុជាទាំងស្រុង។…