សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មកររោងចក្រមកពីស្រុកសំរោងទង និងគងពិសី ខេត្តកំពង់ស្ពឺ
សំណួរសំណេះសំណាល សុខសប្បាយទេទាំងអស់គ្នានេះ? ឥឡូវ ចង់សួរសំណួរទៀតហើយ។ នៅក្នុងចំណោម ១៨ ០០០ នាក់ តើមានប៉ុន្មាននាក់ដែលបានចាក់វ៉ាក់សាំងការពារកូវីដ ១៩? តើអ្នកចាក់បានដល់ដូសទី៤ មានប៉ុន្មានទៅ? អ្នកមានផ្ទៃពោះអត់ចាក់ទេឬ? អ្នកចាប់ពីដូសទី ៣ ឡើងទៅមានប៉ុន្មាន? តើមាននៅបន្ដការចាក់ទេ? ឥឡូវនេះដូចជាដូសទី៥។ ហើយឥឡូវចង់សួរថា តើប៉ុន្មាននាក់ដែលទទួលទាននំប៉័ងដែលគេដាក់ឲ្យ? ខាងនេះ អត់ទាន់ហូបទេអញ្ចឹង! ឥឡូវអ្នកដែលមានទូរស័ព្ទប្រើមានប៉ុន្មាននាក់? មិនចាំបាច់តែស្មាតហ្វូនទេ ឲ្យតែទូរស័ព្ទនិយាយគ្នាបាន។ ឥឡូវ ចង់សួរអ្នកអត់មានទូរស័ព្ទប្រើ តើមានប៉ុន្មានអ្នកទៅ? … ថ្ងៃនេះ យើងជួបជុំគ្នានៅក្នុងបរិយាយកាសរីករាយមួយ ហើយថ្ងៃស្អែកជាខួបចម្រើនព្រះជន្មព្រះវស្សាសម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួតរបស់យើង។ ខ្ញុំសង្ឃឹមថាកម្មករ/ការិនីទាំងអស់រួមជាមួយខ្ញុំដើម្បីថ្វាយព្រះពរចំពោះហ្លួងម៉ែជាទីគោរពសក្ការៈ សូមព្រះអង្គមានព្រះរាជសុខភាពល្អ ព្រះកាយពលំមាំមួន សម្រាប់គង់ជាម្លប់សម្រាប់ប្រជារាស្ដ្រទូទៅ។ ខានមកជួបកម្មករ/ការិនី ដោយសារកូវីដ-១៩ ថ្ងៃនេះ ជាការជួបជុំគ្នាលើទឹកដីខេត្តកំពង់ស្ពឺសាជាថ្មី។ លើកមុនយើងជួបគ្នានៅគងពិសី។ លើកនេះដើមឡើយគ្រោងធ្វើនៅសំរោងទង ប៉ុន្ដែដោយសារទីតាំងនោះមិនអំណោយផលសំរាប់ការជួបជុំទ្រង់ទ្រាយធំ បានជាលើកមកទឹកដីស្រុកគងពិសីវិញ។ ខ្ញុំចាំបានថាកាលពីខែធ្នូ ឆ្នាំ ២០២២ ខ្ញុំជាមួយអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន មកបើកការដ្ឋានលើកកម្រិតផ្លូវលេខ៤១។ ថ្ងៃនេះយើងជួបជុំជាមួយកម្មករ/ការិនី ដើម្បីពិនិត្យមើលអ្វីដែលយើងបានធ្វើកន្លងទៅ។ ខ្ញុំចង់ជួបជាមួយកម្មករ/ការិនីនៅជុំទី២ តាំងពីឆ្នាំ២០២០…