សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យកម្ពុជា-ឡាវ បង្កើនទំនាក់ទំនងជិតស្និទ្ធនៅតាមបណ្តោយព្រំដែន
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យកម្ពុជា-ឡាវ ធ្វើយ៉ាងណាបង្កើនទំនាក់ទំនងនៅតាមព្រំដែនឱ្យកាន់តែជិតសិទ្ធថែមទៀត ដោយហេតុថាទំនាក់ទំនងជិតស្និទ្ធនេះ នឹងអាចឈានទៅដល់ការដោះស្រាយរៀងរាល់បញ្ហាទាំងឡាយ ដែលកើតឡើងនៅតាមបណ្តោយព្រំដែន។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងឱកាសដែលសម្តេចបានទទួលជួប លោក ប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព ខណៈដែលលោកប្រធានាធិបតីមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្នុងជំនួបនោះ លោកប៊ុនញ៉ាំង វរជីត បានលើកឡើងថា តាំងពីដើមកកម្ពុជា និងឡាវគឺជាមិត្តជិតស្និទ្ធជាទីបំផុត ហើយគឺជាមិត្តដែលជួយគ្នាទៅវិញទៅមក។ លោកបន្តថាមិត្តភាពនេះ បានបង្កនូវលក្ខណៈជាប្រទេសជិតខាងដ៏ល្អ ហើយមានកំណើនពាណិជ្ជកម្មទៅវិញទៅមកជាបន្តបន្ទាប់ ព្រមទាំងមានសុវត្ថិភាព និងសន្តិសុខល្អនៅតាមព្រំដែនផងដែរ។ លោកក៏បានជម្រាបជូនសម្ដេចដែរថា កន្លងមកភាគីឡាវមានសេចក្តីរីករាយយ៉ាងខ្លាំងដែលនាយករដ្ឋមន្ត្រីទាំងពីរ បានលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យទៅជាទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងរយៈពេលយូរអង្វែង។ ទាំងនេះបានជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធ និងកាន់តែមានកម្រិតជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ក្នុងន័យនេះដែរ លោកបានជម្រាបជូនសម្ដេចតេជោផងដែរថា រយៈពេលដែលលោកពុំបានមកកម្ពុជា ២ឆ្នាំកន្លងមកនេះ លោកបានសង្កេតឃើញប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័សជាទីបំផុត ហើយប្រជាជនកម្ពុជាទៀតសោធក៏មានជីវភាពរស់នៅល្អប្រសើរផងដែរ។…