សារសម្តេចតេជោ ហ៊ុន សែន តាមហ្វេសប៊ុក ថ្ងៃទី ១៧ កញ្ញា ២០១៦៖ “សន្តិភាពដែលចេញពីនយោបាយ ឈ្នះឈ្នះ ផ្តល់ឱកាសអោយជាតិ និងប្រជាជនអភិវឌ្ឍគ្រប់ទីកន្លែង”
ជាមួយការធ្វើដំណើរទៅខេត្តមណ្ឌលគិរី ដែលចាប់ផ្ដើមចេញពីភ្នំពេញកាត់ខេត្តកណ្តាល តាមផ្លូវលេខ ៦អា ឆ្លងកាត់ខេត្តព្រៃវែង ផ្លូវលេខ ៧ កាត់ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ផ្លូវលេខ ៧៦ តភ្ជាប់ពីផ្លូវលេខ ៧ ទៅទីរួមខេត្តមណ្ឌលគិរី (ហើយ)កាន់តែសប្បាយសំរាប់ខ្ញុំ គឺបានតភ្ជាប់ផ្លូវជូនប្រជាជនពីមណ្ឌលគីរី មក រតនគីរី បន្តមកស្ទឹងត្រែង និងតភ្ជាប់មកខេត្តព្រះវិហារ និងខេត្តកំពង់ធំវិញ។ ជាសរុបលើកនេះ ខ្ញុំបានធ្វើដំណើរលើចម្ងាយផ្លូវប្រមាណជា ១.២៥០ គីឡូម៉ែត្រ ដែលជាផ្លូវកសាងឡើងក្រោម នយោបាយកសាងហេដ្ឋាសម្ព័ន្ធផ្លូវ/ស្ពាន ដើម្បីការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងការលំបាករបស់ប្រជាជន។ សន្តិភាពដែលចេញពីនយោបាយឈ្នះឈ្នះ បានផ្តល់ឱកាសអោយជាតិ និងប្រជាជនអភិវឌ្ឍគ្រប់ទីកន្លែង។ ចម្ងាយផ្លូវជាង ១.២៥០ គីឡូម៉ែត្រ ដែលខ្ញុំ និងសហការីធ្វើដំណើរ មានស្ទើរ ៤ ភាគ ៥ នៃតំបន់ដែលជាសមរភូមិប្រយុទ្ធពីអតីតកាល។ តែពេលនេះ តំបន់ទាំងនោះ បាននិងកំពុងក្លាយជាតំបន់អភិវឌ្ឍន៍ហើយ។ សុំទោសចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋដែលរង់ចាំទទួល តែមិនអាចជួបបាន ដោយសារពេលវេលាមិនអនុគ្រោះ៕