FN ៖ អនុប្រធានទី១ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកៀនស្វាយ ខេត្តកណ្តាល និងជាប្រធានក្រុមការងារ ចុះជួយឃុំដីឥដ្ឋ ឃុំគរគី និងឃុំភូមិធំ លោក ម៉ក់ ពេជ្ជរិទ្ធ បានជំរុញ និងសុំឲ្យមន្រ្តីរបស់គណបក្សប្រជាជនទាំងអស់ បានទង្វើល្អចំពោះប្រជាពលរដ្ឋ ចៀសវាងកុំឲ្យពួកគាត់មិនសប្បាយចិត្ត រហូតសម្រេចចិត្តដើរចេញពីគណបក្សនោះទេ។
នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋជិត៤០០គ្រួសារ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់ពួកគាត់នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ នៅភូមិទួលក្រប៉ៅ ឃុំគគីរ ស្រុកកៀនស្វាយ លោក ម៉ក់ ពេជ្ជរិទ្ធ បានលើកឡើងថា មន្រ្តីខ្លះនៅក្នុងគណបក្សប្រជាជន កម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋមិនពេញចិត្ត។ ពួកគាត់ពឹងឲ្យជួយធ្វើនេះ ធ្វើនោះ បែរជាអាជ្ញាធរមូលដ្ឋាន មិនទទួលខុសត្រូវចំពោះ បញ្ហាដែលពួកគាត់ពឹង ជាហេតុនាំឲ្យប្រជាពលរដ្ឋទាំងនោះ បានដើរចេញ និងលែងគាំទ្រគណបក្សប្រជាជនកម្ពុជា។
លោកបានបញ្ជាក់ដូច្នេះថា «…ប្រជាពលរដ្ឋ គាត់ដឹងថា គណបក្សប្រជាជនកម្ពុជា ជាអ្នកមានគុណ តែបុគ្គលមួយចំនួនទេដែលដើរចោល ប្រជាពលរដ្ឋ តែប្រជាពលរដ្ឋ អត់ដែលដើរចោលគណបក្សប្រជាជនទេ។ បុគ្គលមួយចំនួនដើរចេញពីប្រជាពលរដ្ឋ ធ្វើបាបប្រជាពលរដ្ឋ ធ្វើទុក្ខបុកម្នេញដល់ប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋខ្វល់ខ្វាយ នេះដែលយើងត្រូវគិត យើងអត់និយាយភាសា នយោបាយច្រើនទេ តែយើងនិយាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅក្នុងគ្រួសារនីមួយៗ ដើម្បីឲ្យគណៈពង្រឹងជួយដោះស្រាយ»។
ជាមួយគ្នានោះលោកម៉ក់ ពេជ្ជរិទ្ធ បានសង្កត់ធ្ងន់ថា «អ្វីដែលសំខាន់ សូមលោកមេភូមិ-មេឃុំ ចុះមូលដ្ឋានឲ្យជាប់ជាប្រចាំ ដើម្បីក្តាប់ ព័ត៌មានជាប្រចាំ»។ លោកបន្តថា មេភូមិមិនត្រូវប្រកាន់និន្នាការ នយោបាយថា អានេះគណបក្សនោះ អានោះគណបក្សនេះនោះទេ គឺត្រូវដឹងពីសុខទុក្ខរបស់ពួកគាត់ កុំប្រកាន់និន្នាការនយោបាយ។
លោកបានបន្តទៀតថា នៅក្នុងវេទិកាសាធារណៈ ដើម្បីឲ្យប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហារបស់ពួកគាត់ ដោះស្រាយជូនពួកគាត់ មិនមែនមកនិយាយយកតែល្អ និងដើរចេញមិនដោះស្រាយជូនពួកគាត់នោះទេ។ នៅក្នុងពិធីសំណេះសំណាលនេះ ប្រជាពលរដ្ឋក៏បាន ស្នើដល់លោក ម៉ក់ ពេជ្ជរិទ្ធ សុំជួយសម្រួលផ្លូវក្នុងភូមិ សុំកង់ឲ្យកូនជិះទៅរៀន និងរទេះពិការ ព្រមទាំងបញ្ហាប្រព័ន្ធលូបង្ហូរទឹក ហើយសម្រាប់បញ្ហាទាំងនេះ លោកក៏បានដោះស្រាយជូនផងដែរ។
បន្ទាប់ពីសំណេះសំណាលនោះ លោកក៏បានចែកអង្ករជូនប្រជាពលរដ្ឋ ដែលបានចូលរួមផងដែរ៕