កងទ័ពមានភារកិច្ចបម្រើគោលនយោបាយការពារជាតិ
FN ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានគូសបញ្ជាក់ថា កងយោធពលខេមរភូមិន្ទមានភារកិច្ចបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋខ្មែរ ព្រមជាមួយនឹងការរក្សានូវកិច្ចសហប្រតិបត្តិការអន្តរជាតិជិតស្និទ្ធជាមួយគ្រប់បណ្តាប្រទេសជាមិត្តដោយឈរលើផលប្រយោជន៍រួម។ ក្នុងន័យនេះ គោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺផ្តោតលើការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី សម្រាប់គ្រប់ជំនាន់តទៅមុខ។ ការគូសបញ្ជាក់បែបនេះ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅ ០២ខ្នង និងសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងទីបញ្ជាការផ្នែកសឹករងកោះរ៉ុង ខេត្តព្រះសីហនុ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «ប្រទេសកម្ពុជា ជាប្រទេសឯករាជ្យ មានអធិបតេយ្យ ប្រកាន់គោលជំហរច្បាស់លាស់ និងជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ។ ឈរលើស្មារតីនេះ និងអនុលោមតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស គឺកងយោធពលខេមរភូមិន្ទមានភារកិច្ចបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋខ្មែរ ព្រមជាមួយនឹងការរក្សានូវកិច្ចសហប្រតិបត្តិការអន្តរជាតិជិតស្និទ្ធជាមួយគ្រប់បណ្តាប្រទេសជាមិត្តដោយឈរលើផលប្រយោជន៍រួម។ ក្នុងន័យនេះ គោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា…