គ.ជ.ប ចេញសេចក្តីសម្រេច អនុញ្ញាតឱ្យមាន ភ្ញៀវបរទេសពិសេស ចូលរួមពិនិត្យ ការបោះឆ្នោត
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីសម្រេចមួយ ដោយអនុញ្ញាតឲ្យមានភ្ញៀវបរទេសពិសេស ចូលរួមពិនិត្យមើលការបោះឆ្នោត។ នេះបើយោងតាម សេចក្តីសម្រេចរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ។ បើតាមសេចក្តីសម្រេចគ.ជ.ប ភ្ញៀវបរទេសពិសេសសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ គឺជាគណៈប្រតិភូបរទេស ដែលចូលរួមពិនិត្យមើលការបោះឆ្នោត ប៉ុន្តែពួកគាត់មិនមែនធ្វើឡើង ក្នុងនាម ជាអ្នកសង្កេតការណ៍។ សេចក្តីសម្រេចគ.ជ.ប ដដែល បានបញ្ជាក់ទៀតថា ភ្ញៀវពិសេសដែលមានបំណង មកពិនិត្យមើលការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅកម្ពុជា ក្នុងរយៈពេលខ្លី ត្រូវធ្វើលិខិតជូនដំណឹងមកគ.ជ.ប ឬតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា៕