សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវ Marie-France Lalonde សមាជិកសភាកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវ Marie-France Lalonde សមាជិកសភាកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍ចំពោះវត្តមានរបស់លោកជំទាវ និងប្រតិភូដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមនៅក្នុងប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្ដេចបានចាត់ទុកវត្តមានរបស់លោកជំទាវគឺជាការចូលរួមចំណែកដល់ការដំណើរការនៃកិច្ចប្រជុំកំពូលនេះឱ្យទទួលបាននូវភាពជោគជ័យ ហើយជាការផ្ដល់តម្លៃនៃទំនាក់ទំនងរវាងកម្ពុជា និងកាណាដា។ លោកជំទាវបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោបានដែលបានស្វាគមន៍យ៉ាងកក់ក្តៅ ហើយនិយាយជារួមសម្រាប់ប្រទេសកម្ពុជាដែលបានស្វាគមន៍ចំពោះលោកជំទាវ និងប្រតិភូដោយប្រជាជនពោរពេញដោយស្នាមញញឹម។ លោកជំទាវបានលើកឡើងថា បើទោះបីជាប្រទេសទាំង២នៅឆ្ងាយពីគ្នាក៏ពិតមែន ក៏ប៉ុន្តែកាណាដា និងកម្ពុជាមានទំនាក់ទំនងដ៏យូរអង្វែងជាមួយគ្នា ហើយជាទំនាក់ទំនងដ៏ល្អប្រសើរ និងមានភាពរីកចម្រើនជាបន្តបន្ទាប់។ លោកជំទាវក៏បានសង្កត់ទៅលើទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដាដែលមានការរីកចម្រើនដែលមកដល់ពេលនេះមានប្រមាណជាង២ពាន់លានដុល្លារដែលជាទំហំពាណិជ្ជកម្មមួយដែលមានការកើនឡើងជាលំដាប់ដែលបង្ហាញអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះលោកជំទាវក៏បានលើកឡើងទៅកាន់សម្ដេចតេជោដោយធ្វើយ៉ាងណាលោកជំទាវចង់ឃើញស្ថាប័ននីតិបញ្ញត្តិរវាងកម្ពុជា និងកាណាដា បង្កើតនូវចំណងមិត្តភាពរវាងគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ លោកជំទាវក៏បានថ្លែងនូវការកោតសរសើរចំពោះវីរភាពរបស់សម្ដេចតេជោដែលបានលះបង់ពលីកម្មគ្រប់បែបយ៉ាងដើម្បីរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍រហូតដល់ដឹកនាំកម្ពុជាឱ្យមានស្ថិរភាពមានសន្តិភាព និងការអភិវឌ្ឍមកដល់ពេលបច្ចុប្បន្ន។ សម្ដេចតេជោបានសម្ដែងនូវការអរគុណចំពោះការលើកឡើងរបស់លោកជំទាវជាពិសេសការលើកឡើងពាក់ព័ន្ធទៅនឹងវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា និងកាណាដា…

