សេចក្ដីដកស្រង់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
(១) បើកការដ្ឋានស្ពានឆ្លងទន្លេមេគង្គនៅក្រចេះ … សមិទ្ធផលកើតពីសាមគ្គីភាពកម្ពុជា/ចិន សុខសប្បាយទេបងប្អូន? រងារដែរទេឥឡូវ? គេថាខែរងារត្រូវធ្វើយ៉ាងម៉េចនោះ។ ជិតដល់ខួបកាលដែលខ្ញុំការប្រពន្ធរងារអញ្ចឹងដែរ ប៉ុន្តែកាលពីការនោះមិនដូចការឥឡូវទេ។ ការឥឡូវគេការសម័យទំនើប ការជំនាន់ខ្ញុំ ១៣គូ រកកន្លែងផ្សំដំណេកមិនឃើញ។ ថ្ងៃនេះយើងជួបជុំគ្នាដើម្បីសម្ពោធបើកការដ្ឋានសម្រាប់ ការកសាងស្ពានឆ្លងកាត់ទន្លេមេគង្គ ជាមួយនឹងការកសាងមហាវិថី ៣១ គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទាននៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការប្រារព្ធពិធីនេះ ធ្វើឡើងបន្ទាប់ពីការចូលឆ្នាំថ្មី ឆ្នាំសកលឆ្លងពី ២០២២ មក២០២៣ ទើបនឹងបានរយៈជាង ៣០ ម៉ោងតែប៉ុណ្ណោះ។ សមិទ្ធផលនេះ បានកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្នុងហ្នឹងបានកើតចេញពីការសាមគ្គីរវាងកម្ពុជានិងចិន។ ដូចដែលឯកឧត្តម វ៉ាង វិនធាន បានលើកឡើងអម្បាញ់មិញ ទាក់ទងជាមួយចំណងមិត្តភាពរវាងកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន។ ប្រហែលជាបងប្អូនមួយចំនួននៅចាំថា កាលពីខែកុម្ភៈឆ្នាំទៅ ខ្ញុំជាមួយឯកឧត្តម វ៉ាង វិនធាន ក៏បានមកកាន់ខេត្តក្រចេះនេះ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់នូវការស្ដារឡើងវិញកំណាត់ផ្លូវជាតិលេខ៧ ដែលតម្រង់ឆ្ពោះត្រង់ទៅខេត្តស្ទឹងត្រែង ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។ រយៈពេលត្រឹមតែ ១០ខែក្រោយគឺចាប់ពីខែកុម្ភៈ រហូតមកដល់ពេលនេះ ខ្ញុំមកកាន់ខេត្តក្រចេះសាជាថ្មីម្ដងទៀត ដើម្បីបើកការដ្ឋានកសាងនូវសមិទ្ធផលដ៏ធំ សម្រាប់អ្នកខេត្តក្រចេះរបស់យើង ស្ពាននេះគឺជាស្ពានដែលវែងជាងគេក្នុងចំណោមស្ពានដែលមិត្តចិនបានជួយ ក្នុងរយៈពេលកន្លងទៅ។ (២) ចិនជួយសង់ស្ពានឆ្លងទន្លេមេគង្គ…