ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំមន្ត្រីចុះពិនិត្យកំណាត់ផ្លូវជាតិលេខ៤ ដែលរងការជន់លិចដោយជំនន់ទឹកភ្លៀង
FN ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំមន្រ្តី ក៏ដូចជាអាជ្ញាធរខេត្តចុះពិនិត្យកំណត់ផ្លូវជាតិលេខ៤ ដែលរងការជន់លិចដោយជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃនេះ។ ក្នុងដំណើរចុះមកពិនិត្យកំណាត់ផ្លូវនាព្រឹកនេះ លោក ស៊ុន ចាន់ថុល ក៏បានជួបពិភាក្សាជាមួយលោក ហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមន្ត្រីពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺផងដែរ។ ក្នុងជំនួបនោះ បានពិភាក្សាគ្នាពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយសារជំនន់ទឹកភ្លៀង និងការស្តាប់នូវរបាយការណ៍ពីផលប៉ះពាល់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានក្នុងខេត្តផងដែរ។ លោក វី សំណាង បានឲ្យដឹងថា ជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យខូវផ្លូវ និងស្ពានច្រើន ដោយឡែកដំណាំកសិកម្មរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺមិនទាន់អាចវាយតម្លៃបាននៅឡើយទេ។ តែទោះជាយ៉ាងណាជំនន់ទឹកភ្លៀងនេះ មិនបានបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនោះទេ ពោលអាជ្ញាធរបានចេញប្រតិបត្តិការជួយជម្លៀសប្រជាពលរដ្ឋរកទីទួលសុវត្ថិភាពបានទាន់ពេលវេលា។ លោក វី សំណាង ក៏បានអះអាងថា ភាពទំនើបផ្នែកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក៏ជាចំណែកមួយជួយឲ្យការដោះស្រាយបញ្ហាទឹកជំនន់បានទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ។ លោកបានលើកឡើងថា ដោយសារភាពទំនើបផ្នែកបច្ចេកវិទ្យាព័ត៌មាននេះ បានធ្វើឲ្យការផ្សព្វផ្សាយពីបញ្ហាគ្រោះទឹកជំនន់ទៅកាន់ប្រជាពលរដ្ឋបានលឿន ហើយវិធានការនានា ក្នុងការជម្លៀស និងរំដោះទឹកក៏បានទាន់ពេលវេលាផងដែរ។…