ក្រសួងមហាផ្ទៃ បង្គាប់ឲ្យអាជ្ញាធររាជធានី-ខេត្ត ចាត់វិធានការជាបន្ទាន់ ចំពោះសមាគមនិងអង្គការក្រៅរដ្ឋាភិបាល ធ្វើសកម្មភាពដោយមិនបានចុះបញ្ជី
FN ៖ ក្រសួងមហាផ្ទៃ នាថ្មីៗនេះ បានបង្គាប់ឲ្យរដ្ឋបាលរាជធានី-ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ក្នុងប្រទេសកម្ពុជា ចាត់វិធានការបញ្ឈប់ជាបន្ទាន់ ចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកទាំងឡាយណា ដែលធ្វើសកម្មភាពដោយពុំបានចុះបញ្ជីតាមច្បាប់កំណត់ ក៏ដូចជាសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលក្រសួងមហាផ្ទៃ បានលុបឈ្មោះចេញពីបញ្ជី ឬផ្អាកសកម្មភាព។ តាមសេចក្តីព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ប្រសិនបើ រដ្ឋបាលរាជធានី-ខេត្ត ពិនិត្យឃើញថា ការធ្វើសកម្មភាពរបស់សមាគមអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មិនបានធ្វើតាមការជូនដំណឹង ឬធ្វើសកម្មភាព ផ្ទុយពីរការជូនដំណឹង ឬធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋចូលរួមធ្វើបាតុកម្មនានា នាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ រដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មានសិទ្ធិក្នុងការបញ្ឈប់ ឬផ្អាកសកម្មភាពទាំងនោះ រួចរដ្ឋបាលរាជធានី ខេត្ត ត្រូវរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាបន្ទាន់។