លោក ម៉ក់ ពេជ្ជរិទ្ធ ជំរុញឲ្យមន្រ្តី គណបក្សប្រជាជនកម្ពុជាទាំងអស់ ធ្វើល្អចំពោះប្រជាពលរដ្ឋ កុំឲ្យគាត់ខឹងរហូតដើរចេញពីបក្ស
FN ៖ អនុប្រធានទី១ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកៀនស្វាយ ខេត្តកណ្តាល និងជាប្រធានក្រុមការងារ ចុះជួយឃុំដីឥដ្ឋ ឃុំគរគី និងឃុំភូមិធំ លោក ម៉ក់ ពេជ្ជរិទ្ធ បានជំរុញ និងសុំឲ្យមន្រ្តីរបស់គណបក្សប្រជាជនទាំងអស់ បានទង្វើល្អចំពោះប្រជាពលរដ្ឋ ចៀសវាងកុំឲ្យពួកគាត់មិនសប្បាយចិត្ត រហូតសម្រេចចិត្តដើរចេញពីគណបក្សនោះទេ។ នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋជិត៤០០គ្រួសារ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់ពួកគាត់នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ នៅភូមិទួលក្រប៉ៅ ឃុំគគីរ ស្រុកកៀនស្វាយ លោក ម៉ក់ ពេជ្ជរិទ្ធ បានលើកឡើងថា មន្រ្តីខ្លះនៅក្នុងគណបក្សប្រជាជន កម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋមិនពេញចិត្ត។ ពួកគាត់ពឹងឲ្យជួយធ្វើនេះ ធ្វើនោះ បែរជាអាជ្ញាធរមូលដ្ឋាន មិនទទួលខុសត្រូវចំពោះ បញ្ហាដែលពួកគាត់ពឹង ជាហេតុនាំឲ្យប្រជាពលរដ្ឋទាំងនោះ បានដើរចេញ និងលែងគាំទ្រគណបក្សប្រជាជនកម្ពុជា។ លោកបានបញ្ជាក់ដូច្នេះថា «…ប្រជាពលរដ្ឋ គាត់ដឹងថា គណបក្សប្រជាជនកម្ពុជា ជាអ្នកមានគុណ តែបុគ្គលមួយចំនួនទេដែលដើរចោល ប្រជាពលរដ្ឋ តែប្រជាពលរដ្ឋ អត់ដែលដើរចោលគណបក្សប្រជាជនទេ។ បុគ្គលមួយចំនួនដើរចេញពីប្រជាពលរដ្ឋ ធ្វើបាបប្រជាពលរដ្ឋ ធ្វើទុក្ខបុកម្នេញដល់ប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋខ្វល់ខ្វាយ នេះដែលយើងត្រូវគិត យើងអត់និយាយភាសា នយោបាយច្រើនទេ…