ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងអភិបាលរាជធានីភ្នំពេញ កំពុងប្រារព្ធពិធីទទួលផ្លូវ និងស្ពានព្រែកព្នៅ ពីក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ បន្ទាប់ពីរាជរដ្ឋាភិបាល សម្រេចទិញយកមកគ្រប់គ្រងវិញ
FN ៖ នៅវេលារសៀលម៉ោង២ជាង ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញប្រារព្ធពិធីទទួលស្ពានព្រែកព្នៅ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានសម្រេចទិញផ្តាច់ពីក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ ដើម្បីទុកជាសម្បត្តិសាធារណៈវិញ និងឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ដោយឥតគិតថ្លៃ។ ពិធីប្រគល់ទទួលស្ពានព្រែកព្នៅនោះ ធ្វើនៅចំណុចបញ្ជរបង់ប្រាក់ស្ពានព្រែកព្នៅត្រើយខាងលិច ដោយមានការចូលរួមពីមន្ត្រីរាជការនៃក្រសួងសាធារណការ រដ្ឋបាលរាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុន លី យ៉ុងផាត់ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ សូមជម្រាបថា ចាប់ពីម៉ោង១២៖០០នាទី ឈានចូលថ្ងៃទី១៥ ខែតុលានេះ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ និងស្ពានព្រែកព្នៅ ដោយមិនមានបង់ប្រាក់ដូចមុនទៀតឡើយ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន សម្រេចទិញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងនោះមកគ្រប់គ្រងវិញ៕