FN ៖ កម្ពុជាបានប្រកាសប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសេចក្តីថ្លែងការណ៍ទាំងទ្បាយណា ដែលត្រូវបានធ្វើទ្បើងដោយបង្កប់ទៅដោយចរិតនយោបាយនៅពីក្រោយ ដោយព្រងើយកន្តើយចំពោះសមត្ថកិច្ចរបស់រដ្ឋអធិបតេយ្យមួយ នៅក្នុងការថែរក្សាការពារច្បាប់ និងសណ្តាប់ធ្នាប់ដើម្បីជាសារប្រយោជន៍នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន។
នេះគឺជាសេចក្តីថ្លែងការណ៍របស់ តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ទីក្រុងហ្សឺណែវ ដែលឆ្លើយតបទៅនឹង សេចក្តីថ្លែងការណ៍ប្រឆាំងនឹងកម្ពុជា នៃបណ្តាប្រទេសមួយចំនួន រួមបញ្ចូលទាំងសេចក្តីថ្លែងការណ៍របស់ សហគមអឺរ៉ុប នៅក្នុងសម័យប្រជុំលើកទី៣៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស
ហ្សឺណែវ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។
នៅក្នុងសម័យប្រជុំនោះ លោក ណី សំអុល តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ទីក្រុងហ្សឺណែវ បានចោទជាសំណួរទៅកាន់ហេតុអ្វីបានជាបញ្ហារបស់កម្ពុជា ត្រូវបានលើកទ្បើងយកមកពិភាក្សាមិនត្រូវតាមបែបបទ នៅក្នុងសម័យប្រជុំលើកទី៣៧ នៃក្រុមប្រឹក្សានេះ?
ជាមួយគ្នានេះ លោកបានបកស្រាយថា ចម្លើយយ៉ាងសាមញ្ញបំផុតគឺ ដោយសារតែកម្ពុជា នឹងមានការរៀបចំការបោះឆ្នោតនៅក្នុងខែកក្កដាឆ្នាំនេះ។ ហេតុដូច្នេះហើយ បានជាមានបណ្តាប្រទេសមួយចំនួន ខិតខំរិះរកមធ្យោបាយ និងវិធីសាស្រ្តគ្រប់បែបយ៉ាងដោយឥតអៀនខ្មាស់ ដើម្បីធ្វើការជ្រៀតជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ពួកគេព្យាយាមរំលោភបទបញ្ញត្តិ ក្រមច្បាប់ គោលការណ៍ និងការអនុវត្តន៍នៃអង្គការសិទ្ធិមនុស្សដ៏ឧត្តុងឧត្តមនេះដោយគ្មានញញើតកោតក្រែងសោះទ្បើយ ពោលគឺក្នុងចេតនាសាបព្រួសអំពើស្អប់ខ្ពើម និងបណ្តុះនូវគោលនយោបាយប្រទូស្តរាយប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ហើយដែលគោលដៅចុងក្រោយរបស់ពួកគេ គឺក្នុងគោលបំណងធ្វើការផ្លាស់ប្តូររបបនាពេលបច្ចុប្បន្ននេះ តាមរយៈអ្វីដែលគេហៅថា បដិវត្តន៍ពណ៌។
លោក ណី សំអុល បានបន្តថា ធ្ងន់ធ្ងរជាងនេះទៅទៀត បណ្តាប្រទេសទាំងនោះ បានបំលែងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិឱ្យក្លាយទៅជារូបភាពនយោបាយដោយគ្រាន់តែដើម្បីផ្តល់ប្រយោជន៍ដល់របៀបវារៈនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។ ទង្វើទាំងនេះគឺជាឧទាហរណ៍ដែលសរបញ្ជាក់ឱ្យឃើញច្បាស់ពីការអនុវត្តន៍ស្តង់ដារពីរ ក្នុងន័យដែលថា នៅពេលពួកគេបានស្នើឱ្យកម្ពុជាគោរពតាមឱ្យបានខ្ជាប់ខ្ជួនចំពោះគោលការណ៍សិទ្ធិមនុស្ស ពួកគេទាំងនោះបែរជារំលោភបំពានយ៉ាងគឃ្លើន។
ទោះបីយ៉ាងណាក៏ដោយ តំណាងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា កម្ពុជាស្វាគមន៍រាល់មតិយោបល់រិះគន់ក្នុងន័យស្ថាបនា និងទទួលយកមកធ្វើការត្រិះរិះពិចារណាឱ្យបានល្អិតល្អន់នូវរាល់ក្តីកង្វល់នានាដែលបានលើកទ្បើង ប៉ុន្តែយើងសូមស្នើឱ្យប្រើវេទិកានៃកិច្ចប្រជុំនេះឱ្យបានត្រឹមត្រូវក្នុងការរិះគន់កម្ពុជា៕