ដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ ១១ តភ្ជាប់រវាងខេត្តព្រៃវែង ទៅខេត្តត្បូងឃ្មុំ
សមិទ្ធផលផ្លូវជាតិលេខ ១១ ការរីកចម្រើនកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន ឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជណាចក្រកម្ពុជា។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិដែលស្ថិតនៅក្នុងខេត្តព្រៃវែង និងមួយផ្នែកមកពីខេត្តត្បូងឃ្មុំ។ ថ្ងៃនេះ យើងរួមគ្នាដើម្បីធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវជាតិលេខ ១១ នៅក្នុងខេត្តព្រៃវែងមួយផ្នែក និងមួយផ្នែកទៀតនៅក្នុងខេត្តត្បូងឃ្មុំ។ សុំទោស ពីដើមមានតែម្ខាង។ ឥឡូវទៅជាត្បូងឃ្មុំ។ ពីដើមគឺខេត្តកំពង់ចាម។ ការសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនៅថ្ងៃនេះ ក៏បង្ហាញឱ្យឃើញអំពីការរីកចម្រើនឡើងរបស់ព្រះរាជាណាចក្រកម្ពុជា ហើយនេះ ក៏បានបង្ហាញអំពីសមិទ្ធផលដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន។ ឯកឧត្តម ស៊ុន ចាន់ថុល បានធ្វើរបាយការណ៍រួចហើយ ទាក់ទិនជាមួយនឹងការកសាងផ្លូវនេះ។ ឯកឧត្តម វ៉ាង វិនធាន ក៏បានបញ្ជាក់អំពីចំណុចទាក់ទងនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ក៏ដូចជាប្រទេសនៅក្នុងតំបន់នេះផងដែរ។ ខ្ញុំពិតជាមានមោទនភាព ដែលយើងបានយកចិត្តទុកដាក់ទៅលើបញ្ហាផ្លូវនេះ។ ខ្ញុំធ្លាប់ធ្វើដំណើរតាមផ្លូវនេះក៏ច្រើនដង។ ផ្លូវជាតិលេខ ១១ តភ្ជាប់អ្នកលឿងនិងព្រៃវែងក្រុងផង ខេត្តដទៃផង និងទប់ទល់ទឹកជំនន់ផង ខ្ញុំសុំបញ្ជាក់បន្ដិច(អំពី) ប្រវតិ្តចាប់ផ្ដើមរបស់យើង។ យើងបានឃើញអំពីស្ថានភាពលំបាកលើផ្លូវជាតិលេខ ១១ នេះ តាំងពីឆ្នាំ ២០០០…