សេចក្តីដកស្រង់ប្រសាសន៍ក្នុងសង្កថា ក្នុងពិធីសម្ពោធវិហារឥស្លាម ជើមៀក
… ថ្ងៃនេះ ខ្ញុំពិតជាការសប្បាយរីករាយ ដែលបានមកចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវវិហារឥស្លាមជើមៀកដែលស្ថិតនៅមិនឆ្ងាយពីទីក្រុងកំពង់ចាមរបស់យើង។ អ្វីដែលជាមោទនភាពធំបំផុតរបស់ខ្ញុំ នៅត្រង់ថា យើងបានសម្រេចលទ្ធផលពីជំហានមួយទៅកាន់ជំហានមួយ។ យោងទៅតាមប្រវត្តិ នៃវិហារជើមៀក សម្ដេច ហេង សំរិន កាលពីអតីតកាល ធ្លាប់បានមកសម្ពោធដាក់ឲ្យប្រើប្រាស់ម្ដងរួចទៅហើយ។ ក៏ប៉ុន្តែរយៈពេលនោះប្រទេសរបស់យើងមានភាពក្រីក្រ ជួបការលំបាក យើងក៏ត្រូវធ្វើតាមដំណាក់កាលនោះ។ ឥឡូវក្នុងស្ថានភាពថ្មី ព្រះវិហារនេះក៏ត្រូវធ្វើតាមរបៀបថ្មីដែរ។ ម៉្យាងទៀត ខ្ញុំក៏ចង់ជម្រាបជូនឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនថា នៅទីកន្លែងដែលយើងកំពុងអង្គុយនៅទីនេះ បានបុកគ្រឹះសម្រាប់សង់សាលា ៣ ជាន់ ១៨ បន្ទប់សំរាប់ការសិក្សា បន្ទាប់ពីយើងបញ្ចប់ការសម្ពោធនេះទៅ អគារសិក្សា ១ ខ្នងដែលផ្ដល់ដោយខ្ញុំ ហើយកងវិស្វកម្មរបស់ខ្ញុំក៏បានចូលមកសាងសង់នៅទីនេះ នឹងកើតចេញជារូបរាងជាមួយនឹងអគារខ្ពស់ស្កឹមស្កៃនៅខាងមុខនេះផងដែរ។ ខ្ញុំពិតជាមានការរីករាយដល់ថ្ងៃនេះ ឯកឧត្តម លោកជំទាវ ដែលបានអញ្ជើញមកពីបណ្ដាប្រទេសនានា ហើយក៏មានអគ្គរដ្ឋទូត(ម៉ាឡេស៊ី)ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមផងដែរ ជានិមិត្តរូបឲ្យឃើញអំពីការយកចិត្តទុកដាក់ និងសាមគ្គីភាពនៅក្នុងចំណោមសហគមន៍ឥស្លាម មិនត្រឹមតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែយើងស្ថិតនៅក្នុងចរន្ដរួម។ ម្យ៉ាងទៀត ថ្ងៃនេះ បងប្អូនថ្នាក់ដឹកនាំឥស្លាមនៅទូទាំងប្រទេសអញ្ជើញមកពីទីកន្លែងនានា ក៏បានមកកាន់ទីនេះ ដើម្បីចូលរួមទទួលយកសមិទ្ធផលសម្រាប់ជាទីសក្ការៈបូជារបស់សាសនិកឥស្លាម ដែលខ្ញុំគិតថានេះគឺជារឿងគប្បីដែលយើងត្រូវធ្វើ។ រាជរដ្ឋាភិបាលកម្ពុជាជោគជ័យ ក្នុងការអនុវត្តគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍…